កំពង់ធំ៖ មេរោគកូវីដ១៩ ប្រភេទថ្មីឈ្មោះដែលតា (Delta) បានចម្លងមកក្នុងខេត្តកំពង់ធំចំនួន ៥ ករណី ខណៈអាជ្ញាធរខេត្តកំពង់ធំ បានយកអ្នកជំងឺមេរោគកូវីដ១៩ ដែលតា យកទៅព្យាបាលនៅវិទ្យាល័យហ៊ុនសែន បាល័ង្គ ខេត្តកំពង់ធំ។
លោក កឹម ប៊ុណ្ណា ប្រធានគ្រប់គ្រងជំងឺកូវីដ១៩ខេត្តកំពង់ធំ បានប្រាប់ឱ្យដឹងនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះថា ខេត្តកំពង់ធំ មានការឆ្លងជំងឺកូវីដ១៩ ដែលតា ចំនួន ៥ករណី។
អ្នកជំងឺកូវីដ១៩ប្រភេទដែលតា ទទួលបានការព្យាបាលយ៉ាងយកចិត្តទុកពីក្រុមគ្រូពេទ្យ ដោយមានអ្នកជំងឺកូវីដ១៩ ចំនួន ០៤នាក់។ ទន្ទឹមនេះ ក្រុមគ្រូពេទ្យ បានធ្វើតេស្តសំណាកសព បុរសម្នាក់ នៅភូមិចំបក់ខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ និងរកឃើញវិជ្ជមានចំនួន ០១ករណីថែមទៀត។
លោក កឹម ប៊ុណ្ណា បានបន្តថា អ្នកជំងឺកូវីដ១៩ប្រភេទដែលតា បានព្យាបាលជំងឺឆ្លងមេរោគ កូវីដ១៩បំប្លែងថ្មីនេះ បានជាសះស្បើយ ២ករណី និងត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅឋានវិញផងដែរ។
គួររំឭកថា ក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែសីហា បានប្រកាសថា ករណីមេរោគដែលតា មានតែ១ករណីប៉ុណ្ណោះ ដែលជាកូនកម្មករលើកជ័រនៅខេត្តឧត្តរមានជ័យ ដែលធ្លាប់ប៉ះពាល់ពលករមកពីប្រទេសថៃ។
គិតមកដល់ថ្ងៃអង្គារ ទី៣ ខែសីហានេះ ខេត្តកំពង់ធំបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ២.០៧០នាក់ (ស្រី ១.១៦៩ នាក់) ក្នុងនោះបានជាសះស្បើយចំនួន ១.២៧០នាក់ (ស្រី ៧២៧នាក់) ស្លាប់ចំនួន ៥៣នាក់ (ស្រី ២៧នាក់) និងកំពុងសម្រាកព្យាបាលចំនួន ៧៤៧នាក់ (ស្រី ៤១៥នាក់)៕