ភ្នំពេញ៖ បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន បានបំពាក់ឡដុតសំរាមសំណល់រឹង ចំនួន ៥០ គ្រឿង ទៅដល់ ២១ រាជធានី-ខេត្ត (៤៩ស្រុក)។ ការបំពាក់ឡដុតសំរាមសំណល់រឹងនេះ ជាវិធានការបន្ទាន់ចំពោះមុខរបស់ក្រសួងបរិស្ថាន។
ក្រសួងបរិស្ថាន ក៏បានផ្តល់ រថយន្តដឹកសំរាមចំនួន១៧គ្រឿង ជូនទៅខេត្តចំនួន៩ (១៥ក្រុង-ស្រុក), ម៉ូតូកង់បីដឹកសំរាម ចំនួន១១៨គ្រឿង ជូនទៅខេត្តចំនួន២១ (៥៤ក្រុង-ស្រុក), គ្រឿងចក្រចូកសំរាម «សាស័រ» ចំនួន២គ្រឿង ជូនទៅខេត្តព្រះសីហនុ, ធុងសំរាមខ្នាតធំ (៥-១១តោន) ចំនួន៦៨ធុង ជូនទៅខេត្តចំនួន៨, ធុងញែកសំរាមចំនួន៥០០ធុង ជូនទៅសួនសាធារណៈ វិមានឈ្នះឈ្នះ បុរីប៉េងហួត និងសាលារៀន, ធុងចម្រោះទឹកស្អាត ចំនួន៩១ធុង ជូនទៅខេត្តចំនួន៥ (១៥ក្រុង-ស្រុក) និងសាលារៀន, កញ្ចប់សម្អាតសំរាម ក្នុងក្របខណ្ឌគម្រោងជំរុញបរិយាកាសអំណោយផលដល់ការអភិវឌ្ឍដោយនិរន្តរភាព ជូនទៅ២៥រាជធានី-ខេត្ត (មានធុងចម្រោះទឹកស្អាត៥០ និងធុងសំរាម៣០០), វគ្គបណ្តុះបណ្តាល ចំនួន៣វគ្គ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។
រដ្ឋបាលថ្នាក់ក្រោមជាតិចំនួន៤ បាននិងកំពុងអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន បានយ៉ាងល្អប្រសើរ រួមមាន៖ ស្រុកបន្ទាយស្រី (ខេត្តសៀមរាប) ក្រុងព្រៃវែងនិងស្រុកស្វាយអន្ទរ(ខេត្តព្រៃវែង) និងស្រុកអូររាំងឪ(ខេត្តត្បូងឃ្មុំ)។ ទន្ទឹមនឹងនេះដែរមាន ក្រុងព្រះសីហនុនិងស្រុកព្រៃនប់(ខេត្តព្រះសីហនុ) ស្រុកអន្លង់វែង(ខេត្តឧត្តរមានជ័យ) ស្រុកស្នួល(ខេត្តក្រចេះ) និងស្រុកពេជ្រាដា(ខេត្តមណ្ឌលគីរី) កំពុងឈានឆ្ពោះទៅរកការ គ្រប់គ្រងសំរាមសំណល់រឹង ប្រកបដោយប្រសិទ្ធភាពក្នុងពេលអនាគតខាងមុខ។
ក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ និងញែកសំរាមតាមប្រភេទ ជៀសវាងការបោះសំរាមចោលផ្តេសផ្តាសដែលធ្វើឱ្យប៉ះពាល់ដល់សោភណ្ឌភាព និងផាសុកភាពសង្គម៕