ភ្នំពេញ៖ ក្រសួងសុខាភិបាល បានជូនដំណឹងពីការរកឃើញវីរុសកូវីដ១៩ បំប្លែងថ្មី B.1.617.2 ដែលតា (Delta) ចំនួន ៣៦ករណីបន្ថែមទៀត នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១។
ក្រសួងសុខាភិបាល បានឱ្យដឹងថា យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ប្រទេសកម្ពុជា បានរកឃើញករណីឆ្លងវីរុសកូវីដ១៩ ប្រភេទដែលតា ចំនួន ៣៦នាក់ (ស្រី ១៦នាក់) ក្នុងនោះ បុគ្គលិកសុខាភិបាលចំនួន ៨នាក់ (ស្រី ២នាក់) អ្នកភូមិក្នុងសហគមន៍ចំនួន ២៨នាក់ (ស្រី ១៤នាក់)។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល រាជធានីភ្នំពេញ មានបុគ្គលិកសុខាភិបាល ៥នាក់ ឆ្លងកូវីដ១៩បំប្លែងថ្មី ប្រភេទ ដែលតា។ ចំណែក ខេត្តសៀមរាប រកឃើញអ្នកឆ្លងមេរោគដែលតាច្រើនជាងគេ ដែលមាន ១៨ករណី ក្នុងនោះបុគ្គលិកសុខាភិបាល១ករណី។
ខេត្តឧត្តរមានជ័យ មាន ៩ករណី ក្នុងនោះ បុគ្គលិកសុខាភិបាល ២ករណី។ ចំណែកខេត្តកំពង់ធំ មាន ៤ករណី ពុំមានបុគ្គលិកសុខាភិបាលឡើយ។
សូមជម្រាបថា គិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ប្រភេទដែលតា លើពលករត្រឡប់ពីប្រទេសថៃ អ្នកដំណើរមកតាមយន្តហោះ បុគ្គលិកសុខាភិបាល និងអ្នកភូមិនៅក្នុងសហគមន៍ សរុបទាំងអស់ចំនួន ២៦០ នាក់ (ស្រី ១២៥នាក់)៕