×

ដំណឹង​ល្អ​ណាស់! ក្រសួងអប់រំ គ្រោង​បើក​សាលារៀន​ឡើងវិញ នៅខែកញ្ញា ឬខែតុលា

ដោយ៖ វង សុភ័ក្ត្រ

ភ្នំពេញ៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់តាមទូរស័ព្ទ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះ ថា ក្រសួងអប់រំ យុវជន និងកីឡា នឹងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពង់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អំពីគម្រោងបើកសាលារៀនឡើងវិញ ចាប់ពី អនុវិទ្យាល័យឡើង សម្រាប់បវេសនកាល ២០២១ -២០២២ នៅខែកញ្ញា ឬខែតុលា ឆ្នាំ២០២១ ខាងមុខនេះ។

បើតាមរបាយការណ៍របស់ក្រសួងអបរំ យុវជន និងកីឡា បានបង្ហាញថា កុមារអាយុ ១២ឆ្នាំ ដល់១៧ឆ្នាំ មានចំនួនប្រមាណ ២លាននាក់ ក្នុងក្របខណ្ឌទូទាំងប្រទេស កំពុងទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩។ ទាក់ទងនឹងចំនួនទិន្ន័យកុមារ និងយុវវ័យ បានទទួលវ៉ាក់សាំង គឺក្រសួងអប់រំ យោងតាមតួលេខផ្លូវការរបស់អនុគណៈកម្មការ តាមដាន និងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ ក្របខណ្ឌទូទាំងប្រទេស បានបង្ហាញថា៖ កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ មាន ចំនួន ៧៤,៨៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំទៅក្រោម១៨ឆ្នាំ មាន ៦,៣១% ធៀបជា មួយនឹងប្រជាជនគោលដៅ ១.៩៦៦.៩៣១នាក់។

សូមជម្រាបថា រាជរដ្ឋាភិបាល បានសម្រេចបិទគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន គ្រប់កម្រិតចាប់តាំងពីថ្ងៃទី២០ខែមីនា ឆ្នាំ២០២០មកម្ល៉េះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ ហើយសិស្សានុសិស្ស ត្រូវបន្តការសិក្សាតាមប្រព័ន្ធអនឡាញវិញរហូតមកពេលនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង