×

លោកស្រី ឱ វណ្ណឌីន ពន្យល់​ពី​មូលហេតុ​១ធ្វើឱ្យ​អ្នកឆ្លង​ដែលតា វិវឌ្ឍ​ទៅ​រកការ​ស្លា ប់លឿន​ជាង​ប្រភេទផ្សេងៗ

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ ជារដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខណ្ឌទូទាំងប្រទេស បានមានប្រសាសន៍ពន្យល់ពីមូលហេតុមួយ ដែលទាក់ទងនឹងវីរុសបំប្លែងខ្លួនថ្មី ប្រភេទដែលតា ដែលអាចធ្វើឱ្យអ្នកជំងឺវិវឌ្ឍទៅរកសេចក្ដីស្លាប់លឿនជាងប្រភេទបំប្លែងខ្លួនផ្សេងទៀត។

លោកស្រី ឱ វណ្ណឌីន បានមានប្រសាសន៍ថា វីរុសប្រភេទដែលតានេះ មានកំហាប់របស់វា ខាប់ជាងប្រភេទផ្សេងៗទៀត។ នៅពេលដែលវាចូលទៅក្នុងខ្លួនរបស់យើង វានឹងវាយលុកនៅក្នុងសួតរបស់យើងបានលឿន ហើយវាធ្វើឱ្យកំហាប់នៃទឹករំអិលក្នុងសួតរបស់យើង វាទៅជាក្រាស់ និងស្អិតដូចជ័រកាវ។ បន្ទាប់មក វាបានទៅបិទថង់តូចៗ សម្រាប់ទទួលនូវអុកស៊ីសែននៅពេលយើងដកដង្ហើមចូល និងបញ្ចេញមកវិញនូវឧស្ម័នកាបូនិកពេលដកដង្ហើមចេញ។

លោកស្រីបន្តថា នៅពេលដែលវីរុសធ្វើប្រតិកម្ម វានឹងធ្វើឱ្យទឹករំអិលនៅក្នុងសរីរាង្គ ទៅជាខាប់ទៅជាស្អិត វាទៅបិទនៅលើរន្ធតូចៗ អ៊ីចឹងវាធ្វើឱ្យយើងត្រដខ្យល់ ព្រោះយើងដកដង្ហើមអត់រួច។ មូលហេតុនេះ ធ្វើឱ្យអ្នកជំងឺវិវឌ្ឍទៅរកសេចក្ដីស្លាប់លឿនបំផុត។

សូមជម្រាបថា លោកស្រីរដ្ឋលេខាធិការ ឱ វណ្ណឌីន មានប្រសាសន៍បែបនេះ ក្នុងពិធីប្រគល់រថយន្តដឹកវ៉ាក់សាំងកូវីដ១៩ របស់សម្តេចតេជោ ហ៊ុន សែន ជូនមន្ទីរសុខាភិបាលរាជធានី-ខេត្ត នៅឃ្លាំងឱសថចោមចៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង