×

ប្រទេស​វៀតណាម កាត់បន្ថយ​រយៈពេល​ចត្តាឡីស័ក​សម្រាប់​អ្នកដំណើរ​ចាក់វ៉ាក់សាំង​រួច

វៀតណាម៖ ក្រសួងសុខាភិបាលនៃប្រទេសវៀតណាម បានជូនដំណឹងនៅថ្ងៃពុធនេះ ថា អ្នកដែលចាក់វ៉ាក់សាំងពេញលេញ មុនពេលមកដល់ប្រទេសវៀតណាម នឹងត្រូវចំណាយពេល តែ៧ថ្ងៃប៉ុណ្ណោះក្នុងការធ្វើចត្តាឡីស័ក និងត្រួតពិនិត្យសុខភាពខ្លួនឯងនៅសប្តាហ៍បន្ទាប់។

អ្នកដំណើរចូលទៅកាន់ប្រទេសវៀតណាម ត្រូវមានបណ្ណបញ្ជាក់ថាពួកគេបានចាក់វ៉ាក់សាំងពេញលេញ យ៉ាងតិច ១៤ថ្ងៃ ទៅដល់ ១២ ខែ ហើយបានធ្វើតេស្តអវិជ្ជមានចំពោះវីរុសកូវីដ១៩ ក្នុងរយៈពេល ៧២ ម៉ោងមុនពេលមកដល់។

លើសពីនេះ អ្នកដែលឆ្លងមេរោគកូវីដ១៩ និងមានលិខិតបញ្ជាក់ថាពួកគេបានជាសះស្បើយពីជំងឺនេះ ក្នុងអំឡុងរយៈពេល ៦ខែចុងក្រោយ ក៏នឹងកាត់បន្ថយរយៈពេលចត្តាឡីស័កផងដែរ។

បន្ទាប់ពីចត្តាឡីស័ក ៧ថ្ងៃ អ្នកចូលទៅប្រទេសវៀតណាម នឹងត្រូវត្រួតពិនិត្យសុខភាពផ្ទាល់ខ្លួន ក្នុងរយៈពេល ៧ថ្ងៃទៀត តាមរយៈកម្មវិធីលើទូរសព្ទ Bluezone ។

ក្រសួងសុខាភិបាលវៀតណាម បានស្នើក្រសួងការបរទេសវៀតណាម ចេញសេចក្ដីសម្រេចទាក់ទងនឹងការវាយតម្លៃ និងការទទួលស្គាល់វិញ្ញាបនបត្រចាក់វ៉ាក់សាំង និងជាសះស្បើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង