មុនពេលលោក Harold Arlin បានបង្ហើរសំឡេងនៅក្នុងការផ្សាយជាសាធារណៈជាលើកដំបូង នូវការប្រកួតកីឡាបេសប៊លនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ១៩២១ វិធីតែមួយគត់ដើម្បីបានទស្សនាការប្រកួត គឺត្រូវទៅដល់ទីលានប្រកួត។ វិធីតែមួយគត់ដើម្បីតាមដានពិន្ទុ គឺត្រូវរកមើលនៅលើតារាងពិន្ទុដែលធ្វើពីឈើ ដែលត្រូវបានផ្លាស់ប្តូរពិន្ទុដោយដៃ។
មីក្រូហ្វូន និងប្រពៃណីដ៏សំបូរបែបនៃការផ្សាយកីឡាបេសប៊ល បានចាប់ផ្ដើមតាំងពីពេលនោះមក។ គ្រប់ទីក្រុងដែលរៀបចំការប្រកួតធំៗ មានអ្នកតំណាងអត្ថាធិប្បាយរបស់ខ្លួន ដោយខ្លះក្លាយជាឥស្សរជនជាតិផងដែរ។
លោក Arlin គឺជាអ្នកអត្ថាធិប្បាយកីឡាបេសប៊លដំបូងនៃការផ្សាយកីឡា។ ដោយគ្មានរូបភាព គាត់បានអង្គុយនៅពីក្រោយមីក្រូហ្វូន នៅរដូវក្តៅ កាលពីឆ្នាំ១៩២១ ហើយបានអត្ថាធិប្បាយពីសកម្មភាពកំពុងលេង តាមវិទ្យុជាលើកដំបូង។ អ្នកស្ដាប់វិទ្យុ ជាច្រើនបានបើកបុស្តិ៍ KDKA ដែលជាស្ថានីយវិទ្យុធ្វើអាជីវកម្មដំបូងបង្អស់នៅសហរដ្ឋអាមេរិក។
សំឡេងដ៏ទាក់ទាញរបស់លោក Arlin ដែលមានប្រវត្តិចេញពីវិស្វករអគ្គិសនីអស់រយៈពេល២៥ឆ្នាំ បានធ្វើឱ្យទស្សនាវដ្តីដ៏ល្បី Mansfield បានសម្ពាសគាត់នៅឆ្នាំ១៩៨១។ បន្ទាប់មក ឥទ្ធិពលសំឡេងរបស់គាត់ បានធ្វើឱ្យ Arlin ត្រូវបានជួលឱ្យធ្វើការជាអ្នកអត្ថាធិប្បាយតាមវិទ្យុនោះតែម្ដង។
ក្នុងរយៈពេលពីរបីឆ្នាំ លោក Arlin ត្រូវបានកាសែត Times of London ពិពណ៌នាថា ជា“ កំពូលសំឡេងអាមេរិកល្បីឈ្មោះនៅអង់គ្លេស”។ រលកវិទ្យុរបស់ស្ថានីយ KDKA បានផ្សាយដល់គ្រប់ទិសទី ហើយបានឆ្លងកាត់មហាសមុទ្រអាត្លង់ទិក។ វាបានបង្កើតជាបញ្ហាប្រឈមមួយសម្រាប់ KDKA ។ ប៉ុន្តែជាមួយនឹងសក្តានុពលនៃអ្នកស្ដាប់បែបនេះ ស្ថានីយនេះក៏ចាប់ផ្ដើមច្នៃប្រឌិតដោយបង្កើតកម្មវិធីល្អៗជាច្រើនរបស់ខ្លួនសម្រាប់អ្នកស្ដាប់៕