ម៉ុមបៃ៖ រដ្ឋាភិបាលឥណ្ឌា បានស្នើឱ្យអាជ្ញាធររដ្ឋនានា ដាក់ចេញនូវការរឹតត្បិត មុនពិធីបុណ្យនានានៅទូទាំងប្រទេសចាប់ផ្ដើម ដោយព្រមានថា ការកកកុញអាចនាំឱ្យមានព្រឹត្តិការណ៍រីករាលដាលទ្រង់ទ្រាយធំ និងការកើនឡើងថ្មីនៃការឆ្លងវីរុសកូវីដ១៩។
ឥណ្ឌា បានរាយការណ៍ជាមធ្យម ពី ៣០.០០០ ទៅ ៤០.០០០ ករណីឆ្លងកូវីដ១៩ថ្មីជារៀងរាល់ថ្ងៃ ចាប់តាំងពីខែកក្កដា ហើយរដ្ឋាភិបាលសហព័ន្ធ បានព្រមានថា ទោះបីជាករណីបានធ្លាក់ចុះពីកម្រិតខ្ពស់ជាង ៤០០.០០០ ករណីក្នុង១ថ្ងៃនៅចំណុចកំពូលនៃរលកទី២ក៏ដោយ ក៏គ្រោះមហន្តរាយ មិនទាន់រលត់បាត់ទាំងស្រុងឡើយ។
រដូវបុណ្យដ៏មមាញឹករបស់ឥណ្ឌា នឹងចាប់ផ្តើមនៅខែសីហានេះ ដោយមានការប្រារព្ធពិធីជាច្រើនរហូតដល់ខែវិច្ឆិកា ខណៈពិធីបុណ្យពន្លឺ ឬ ឌីវ៉ាលី (Diwali) ត្រូវបានប្រារព្ធឡើងដោយមនុស្សរាប់លាននាក់ជាប្រចាំ។
ដោយសាររលកទីពីរ ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ កាលពីខែមេសា និងឧសភា រដ្ឋាភិបាលឥណ្ឌា បានស្នើឱ្យរដ្ឋនានា ប្រយ័ត្នប្រយែង ខណៈការបន្ធូរបន្ថយនូវការរឹតបន្តឹងបានចាប់ផ្ដើម ប៉ុន្តែរលកទី២ មិនទាន់ចប់នៅឡើយទេ។
ប្រជាជនប្រហែល ១២៩លាននាក់ នៅប្រទេសឥណ្ឌា បានចាក់វ៉ាក់សាំងកូវីដ១៩ ខណៈរដ្ឋាភិបាល បានដាក់គោលដៅចាក់ឱ្យបាន ៩៥០ លាននាក់ នៅចុងឆ្នាំ២០២១ ដែលការចាក់ត្រូវតែពន្លឿន។
នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែសីហានេះ ប្រទេសឥណ្ឌា បានកត់ត្រាករណីឆ្លងថ្មីចំនួន ៤២.៩៨២ នាក់ និងស្លាប់ ៥៣៣នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ធ្វើឱ្យករណីឆ្លងសរុបកើនដល់ ៣១.៨ លាននាក់៕