ភ្នំពេញ៖ កាលពីម្សិលមិញនេះ តារាសម្តែងវ័យក្មេងកូនកាត់ខ្មែរ-ប៊ូហ្គារី កញ្ញា Bobby Stella បានផ្ទុះកំហឹងជាខ្លាំងនៅពេលដែលក្រុមហ៊ុនទឹកក្រូចមួយដែលនាងមិនបញ្ចេញឈ្មោះជួលនាងឱ្យថតឃោសនាឱ្យដោយថ្លៃឈ្នួលនៃការថតផ្សព្វផ្សាយនឹងប្តូរជាទឹកក្រូចមួយកេស។
យោងតាមការបញ្ជាក់របស់ Stella បានឱ្យដឹងថា ថ្លៃជួលនេះវាហួសហេតុពេកទើបនាងមិនផ្ញើរូបថតផ្សព្វផ្សាយឱ្យ បែបនេះហើយទើបបុគ្គលក្រុមហ៊ុនទឹកក្រូចមួយនោះបានលើកទ័ពមកជេរនាងទាំងក្រុមតែម្តង។ ប៉ុន្តែ Stella ក៏មិននៅស្ងៀមឱ្យគេជេរទទេរៗដែរ នាងបានតបតទៅវិញរហូតមានការចែករំលែកលើគណនីបណ្តាញសង្គមរបស់នាងធ្វើឱ្យមនុស្សជាច្រើនកំពុងតាមដានសាច់រឿងមួយនេះ។
មកទល់ពេលនេះមិនទាន់មានការសម្រួល ធ្វើឱ្យភាគីណាមួយដកខ្លួននៅឡើយទេ។ ជាមួយគ្នានេះដែរ ក៏មានសិល្បករមួយចំនួនដែលធ្លាប់ជាជនរងគ្រោះដែរបានចេញមុខប្រតិកម្ម ក៏ដូចជាមហាជនជាច្រើនបានចូលទៅផ្តល់មតិយោបល់ជាបន្តបន្ទាប់ផងដែរ៕