ថៃ៖ មន្រ្តីប៉ូលិស នៅក្នុងខេត្ត Nakhon Si Thammarat ប្រទេសថៃ បាន Surprise នំខេក ដល់បុរសម្នាក់ ដែលត្រូវបានឃាត់ខ្លួនទាក់ទងនឹងគ្រឿងញៀន បន្ទាប់ប៉ូលីស បានមើលអត្តសញ្ញាណបណ្ណរបស់ជនសង្ស័យ ហើយបានកត់សម្គាល់ថាវាជាថ្ងៃកំណើតរបស់ជនសង្ស័យនោះ។ បុរសដែលមានអាយុ ៣៣ ឆ្នាំ បានអះអាងថា ខ្លួនមិនដែលផ្លុំទៀននៅលើនំខួបកំណើតពីមុនមកទេ។
រឿងដ៏ហួសចិត្តនេះ បានកើតឡើង ក្រោយពីបុរសនោះ កំពុងបើកម៉ូតូដើម្បីគេចពីប៉ូលិស។ ប៉ុន្តែសមត្ថកិច្ចបានបើកប្រដេញ រហូតអាចស្ទាក់ចាប់បុរសនោះបាន។ ប៉ូលិសនិយាយថា ពួកគេបានរកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន ១០ គ្រាប់។ ចំណែកជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានទិញថ្នាំញៀនពិតប្រាកដមែន។
នៅយប់នៃការឃាត់ខ្លួននោះ ដោយកត់សម្គាល់ឃើញថា ជាថ្ងៃខួបកំណើតបុរសខាងលើ មន្រ្តីប៉ូលិស ក៏បានរៀបចំគម្រោងដើម្បីធ្វើឱ្យភ្ញាក់ផ្អើលជាមួយនំខេក ហើយច្រៀងថា “រីករាយថ្ងៃកំណើត” ថែមទៀតផង។
ទោះជាយ៉ាងណា សមត្ថកិច្ចបានណែនាំបុរសនោះឱ្យជៀសឆ្ងាយពីគ្រឿងញៀន។ ចំណែកបុរសនោះ បានសម្តែងការដឹងគុណចំពោះសមត្ថកិច្ច ដែលបានប្រារព្ធពិធីខួបកំណើតឱ្យហើយបានសន្យាថា បន្ទាប់ពីអនុវត្តទោស គាត់នឹងមិនជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនទៀតទេ៕
ទស្សនាវីដេអូ៖