×

តើយើង​ត្រូវធ្វើ​ដូចម្ដេច ដើម្បី​ការពារខ្លួន​ពី​ការឆ្លង​វីរុស​ដែលតា (Delta)?

ភ្នំពេញ៖ វីរុសកូវីដ១៩បំប្លែងខ្លួនថ្មី ប្រភេទ ដែលតា (Delta) កំពុងរាតត្បាតប្រហែល ១០០ប្រទេសនៅទូទាំងពិភពលោក ក្នុងនោះ ប្រទេសកម្ពុជាយើង ក៏កំពុងប្រយុទ្ធប្រឆាំងនឹងវីរុសបំប្លែងថ្មីដ៏កាចសាហាវមួយនេះផងដែរ។

យោងតាមលោកស្រី Maria Van Kerkhove មន្ត្រីជាន់ខ្ពស់ផ្នែកជំងឺឆ្លង នៃអង្គការសុខភាពពិភពលោក បានមានប្រសាន៍នៅក្នុងកិច្ចសម្ភាសជាមួយអ្នកសម្របសម្រួលកម្មវិធី Science in 5 ទាក់ទងនឹងវិធីសាស្ត្រនៅក្នុងការការពារខ្លួនយើងពីជំងឺកូវីដ១៩ ពិសេសវីរុសបំប្លែងខ្លួនថ្មីដែលតា។

លោកស្រីមានឱ្យដឹងដូច្នេះថា៖ “ការដឹងពីហានិភ័យរបស់អ្នក អាចជួយអ្នកឱ្យចាត់វិធានការដើម្បីកាត់បន្ថយហានិភ័យរបស់អ្នកជារៀងរាល់ថ្ងៃ។ មានរឿងជាច្រើន ដែលអ្នកអាចធ្វើដោយខ្លួនឯង ដែលអាចការពារខ្លួនអ្នក និងធ្វើឱ្យមនុស្សជាទីស្រលាញ់របស់អ្នក ការពារពីមេរោគនេះ រួមទាំងវីរុសដែលតា ផងដែរ។ វាមានដូចជា ការធ្វើឱ្យប្រាកដថាអ្នកបានលាងដៃស្អាត និងពាក់ម៉ាសគ្របពីលើច្រមុះ និងមាត់របស់អ្នក ហើយលាងដៃឱ្យស្អាតនៅពេលអ្នកពាក់ម៉ាស និងដោះម៉ាសចេញ”។

លោកស្រីបន្តថា៖ “វាពាក់ព័ន្ធនឹងការចៀសវាងកន្លែងដែលមានមនុស្សច្រើន រក្សាគម្លាតរបស់អ្នកពីអ្នកដទៃ ត្រូវប្រាកដថាប្រសិនបើអ្នកនៅក្នុងផ្ទះ អ្នកស្ថិតនៅក្នុងបន្ទប់ដែលមានខ្យល់ចេញចូលបានល្អ។ ហើយវិធីដែលមានលក្ខណៈសាមញ្ញ មានដូចជា ការបើកបង្អួចមួយ ឬ ពីរ ដើម្បីឱ្យមានខ្យល់ចេញចូលបានល្អ។ វិធានការទាំងអស់នេះ នឹងកាត់បន្ថយលទ្ធភាពនៃការប៉ះពាល់ជាមួយវីរុស និងកាត់បន្ថយលទ្ធភាពនៃការឆ្លងមេរោគដល់អ្នក។ លើសពីនេះទៀត នៅពេលដល់វេន អ្នកត្រូវទៅចាក់វ៉ាក់សាំង។ យើងដឹងហើយថា វ៉ាក់សាំងមានប្រសិទ្ធភាពមិនគួរឱ្យជឿក្នុងការការពារជំងឺធ្ងន់ធ្ងរ និងការស្លាប់។ ដូច្នេះហើយនៅពេលដល់វេន អ្នកត្រូវចាប់យកឱកាសនោះ ហើយចាក់វ៉ាក់សាំង និងចាក់ឱ្យបានពេញលេញ។ ប្រសិនបើអ្នកត្រូវបានតម្រូវឱ្យទទួលវ៉ាក់សាំង២ដូស សូមប្រាកដថាអ្នកត្រឡប់ទៅចាក់ដូសលើកទីពីរវិញ ដើម្បីឱ្យអ្នកអាចការពារនឹងជំងឺធ្ងន់ធ្ងរ និងការស្លាប់”៕

ទស្សនាវីដេអូ៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង