ថៃ៖ តួប្រុសក្នុងរឿង Why Are You The Series លោក Toy Toy Thanaphat វ័យ២១ឆ្នាំកំពុងធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះព័ត៌មានដែលលោកបានសម្លាប់មិត្តស្រីខ្លួនដោយចាក់នាង ២០កាំបិតកាលពីយប់ថ្ងៃទី០៥ ខែសីហា។
Toy បានឱ្យដឹងថា នៅយប់ថ្ងៃកើតហេតុនោះ លោកស្រវឹង ហើយក៏បានទាស់សម្តីជាមួយនឹងមិត្តស្រីខ្លួនរហូតនាងយកកូនកាំបិតរកចាក់លោកទៀត ប៉ុន្តែលោកបានតបតវិញដោយមានការប្រទាញប្រទង់ចុះឡើងរហូតជ្រុលដៃចាក់មិត្តស្រីខ្លួនចំនួន ២០កាំបិតត្រង់ទ្រូង។
កើតហេតុមិនបានប៉ុន្មានម៉ោងផង Toy ត្រូវបានប៉ូលិសចាប់ខ្លួន។ ប៉ុន្តែអ្វីដែលធ្វើឱ្យហួសចិត្តនោះគឺ អ្នកគាំទ្រមួយចំនួនបែរបញ្ចេញមតិថា មនុស្សយើងគ្រប់គ្នាតែងមានចំណុចល្អ និងចំណុចអាក្រក់រៀងខ្លួន ប៉ុន្តែកុំឱ្យកំហុសវាកើតឡើងដដែលៗ។ ទោះជាយ៉ាងណា ពួកយើងនៅតែគាំទ្រអ្នកដដែល និងជារៀងរហូតទៅ។
បន្ទាប់ពីមានមតិយោបល់បែបនោះហើយ មនុស្សមួយចំនួនក៏បានលើកឡើងថា និយាយគាំទ្របែបនេះ ប្រៀបដូចមនុស្សអាក្រក់គាំទ្រមនុស្សអាក្រក់ដូចគ្នាអ៊ីចឹង ទាំងដឹងហើយថាតារាប្រុសរូបនេះជាឃាតក។ រឿងមួយនេះបានធ្វើឱ្យកក្រើកពេញពិភពសារព័ត៌មានថៃទាំងព្រឹក ដោយពួកគេបានចុះព្រោងព្រៀតទាក់ទងនឹងឃាតកម្មដែលតារាសម្តែងល្បីឈ្មោះក្នុងពិភពសិល្បៈថៃក្លាយជាឃាតកទាំងវ័យក្មេងបែបនេះ៕