×

ដំណឹងល្អ! ការចាក់​វ៉ាក់សាំង​ដូសទី៣ ជូន​មន្ត្រីជួរមុខ នឹង​ចាប់ផ្តើម​នៅថ្ងៃស្អែក

ភ្នំពេញ៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៃក្រសួងសុខាភិបាល នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសឱ្យដឹងពីការចាប់ផ្តើមចាក់វ៉ាក់សាំង AstraZeneca ជាដូសទី៣ ឬដូសជំរុញ ជូនដល់មន្រ្តីជួរមុខ នៅខេត្តចំនួន៧ ជាប់ព្រំដែនកម្ពុជា -ថៃ ដែលការចាក់នោះ នឹងចាប់ផ្តើមពីថ្ងៃទី៨ ខែសីហាស្អែកនេះ។

ការចាប់ផ្តើមដំណើរការចាក់ដូសទី៣នេះ គឺយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១។ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គវក-១៩) នឹងផ្តល់ការចាក់វ៉ាក់សាំងកូវដ-១៩ (អាស្ត្រាហ្សែនីកា) ដូសជំរុញ ឬដូសទី៣ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬ ស៊ីណូវ៉ាក់ ជូនដល់ក្រុមគ្រូពេទ្យជួរមុខ(ទាំងរដ្ឋ និងឯកជន )ដល់មន្ត្រីរាជការនៅខេត្ត ចំនួន០៧ (ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កោះកុង ឧត្តរមានជ័យ ពោធិ៍សាត់ និងខេត្តព្រះវិហារ) មន្ត្រីជាប់កិច្ចសន្យា កងទ័ពគ្រួសារកងទ័ពនគរបាល និងអតីតយុទ្ធជន ដោយការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ តទៅ។

គណៈកម្មការចំពោះកិច្ច ក៏បានណែនាំឱ្យអភិបាលខេត្ត និងប្រធានមន្ទីរសុខាភិបាល ខេត្តទាំង៧ ត្រូវធ្វើសេចក្តីជូនដំណឹង និងរៀបចំទីតាំង រួមទាំងត្រៀមក្រុមគ្រូពេទ្យឱ្យបានរួចរាល់បានទាន់ពេលវេលា ដើម្បីចាក់វ៉ាក់សាំងដែលនឹងទៅដល់ទីតាំងខេត្តទាំង៧ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ ឱ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេស ប្រភេទ Delta ដែលអាចឆ្លងនៅសហគមន៍ក្នុងទ្រង់ទ្រាយធំ ប្រសិនបើយើងទាំងអស់គ្នាមិនទប់ស្កាត់ទេនោះ។

ទាក់ទិននឹងបញ្ហានេះដឹកជញ្ជូនវ៉ាក់សាំងនេះដែរ លោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន ឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យប្រើប្រាស់ឧទ្ធម្ភាគចក្រចំនួន២គ្រឿង ដើម្បីដឹកវ៉ាក់សាំង Astra Zeneca ទៅកាន់បណ្តាខេត្តចំនួន៦ ជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីចាប់ផ្តើមចាក់ដូសទី៣ ជូនដល់មន្រ្តីជួរមុខ នៅថ្ងៃទី០៨ ខែសីហាស្អែកនេះតែម្តង។

បើតាមលោកស្រីប្រធានគណៈកម្មការ បានឱ្យដឹងថា ខេត្តទាំងនោះ រួមមានខេត្តប៉ៃលិន បាត់ដំបង ឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តព្រះវិហារ។

លោកស្រី ឱ វណ្ឌឌីន បានបញ្ជាក់បន្ថែមថា វ៉ាក់សាំងទាំងនេះ នឹងត្រូវបើកយុទ្ធនាការចាក់ដូសទី៣ជូន ក្រុមគ្រូពេទ្យជួរមុខ ដែលប្រឈមនឹងហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី Delta ក្រោយពេលមានពលករខ្មែរត្រឡប់មកពីប្រទេសថៃ ហើយដោយឡែកសម្រាប់ការចាក់ជូនដល់កងទ័ព និងគ្រួសារកងទ័ព នឹងត្រូវរៀបចំចាត់ចែងដោយក្រសួងការពារជាតិ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង