×

ភ្លើងឆេះព្រៃ កាត់ផ្ដាច់​កោះ​ដ៏ធំទី២​របស់​ប្រទេស​ក្រិក​ជាពីរ ខណៈ​ព្រៃឈើ​បន្ត​រងការ​បំផ្លាញ

ក្រិក៖ ភ្លើងឆេះព្រៃធំៗ ចំនួនបីបានឆាបឆេះ ទូទាំងប្រទេសក្រិក កាលពីថ្ងៃសៅរ៍ ដោយមានការគំរាមកំហែងដល់ទីក្រុងទាំងមូល និងធ្វើឱ្យប្រជាជននៅទូទាំងកោះអ៊ីវីយ៉ា (Evia) ដែលជាកោះធំជាងគេទី២ របស់ប្រទេសក្រិក មិនអាចជម្លៀសតាមផ្លូវគោក ដោយសារភ្លើងបានញែកផ្នែកខាងជើងរបស់កោះអ៊ីវីយ៉ា។
ភ្លើងបានហ៊ុមព័ទ្ធតំបន់ព្រៃភ្នំ និងធ្វើឱ្យតំបន់បុរាណរបស់ក្រិក រងការបំផ្លិចបំផ្លាញ។

នាវាចំនួន ១០ គ្រឿង រួមមាន នាវាល្បាតឆ្មាំសមុទ្រ ២ គ្រឿង សាឡាង ២គ្រឿង នាវាដឹកអ្នកដំណើរ ២ គ្រឿង និងទូកនេសាទ ៤ គ្រឿង បានរង់ចាំនៅរមណីយដ្ឋានមាត់សមុទ្រ Pefki ក្បែរចុងខាងជើងកោះអ៊ីវីយ៉ា ដើម្បីត្រៀមខ្លួនជម្លៀសប្រជាជន និងអ្នកទេសចរបន្ថែមទៀត ប្រសិនបើចាំបាច់។

ក្រុមអ្នកពន្លត់អគ្គីភ័យ បានប្រតិបត្តិការទាំងយប់ទាំងថ្ងៃ ដើម្បីជួយសង្គ្រោះទីប្រជុំជន Istiaia ដែលមានប្រជាជន ៧០០០ នាក់នៅភាគខាងជើងទីក្រុងអ៊ីវីយ៉ា ក៏ដូចជាភូមិមួយចំនួន ដោយប្រើគ្រឿងចក្រឈូសឆាយ ដើម្បីបើកផ្លូវឱ្យប្រជាជនជម្លៀសទៅរកនាវាជួយសង្គ្រោះ។

គួរជម្រាបថា អគ្គីភ័យនៅកោះអ៊ីវីយ៉ា បានបង្ខំឱ្យមានការជម្លៀសមនុស្សប្រហែល ១៤០០ នាក់ចេញពីភូមិនៅមាត់សមុទ្រ និងឆ្នេរសមុទ្រ ដោយទូកជាច្រើនគ្រឿង បន្ទាប់ពីអណ្តាតភ្លើងមកដល់បានកាត់ផ្តាច់មធ្យោបាយធ្វើដំណើរផ្សេងទៀត។

អគ្គិភ័យនៅទីតាំងផ្សេងមួយទៀត បានកើតឡើងនៅឧបទ្វីប Peloponnese ភាគខាងត្បូងប្រទេសក្រិក ក្បែរទីក្រុងបុរាណអូឡាំព្យា (Olympia) និងនៅ Fokida ភាគខាងជើងនៃទីក្រុងអាតែន។ ភ្លើងនៅទីក្រុងអូឡាំព្យា បានរាលដាលទៅទិសខាងកើត ដោយគំរាមកំហែងដល់ភូមិនានានៅរសៀលថ្ងៃសៅរ៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង