ថៃ៖ ប៉ូលីសថៃ បានចោទប្រកាន់បុរសអាយុ ២៧ឆ្នាំម្នាក់ ពីបទសម្លាប់ និង ប្លន់លើស្ត្រីជនជាតិស្វីសម្នាក់ ដែលត្រូវបានគេរកឃើញនៅក្បែរទឹកជ្រោះមួយកន្លែង ក្នុងរមណីយដ្ឋានកោះភូកេត កាលពីសប្តាហ៍មុន។
មន្រ្តីក្នុងតំបន់ បានកំណត់អត្តសញ្ញាណជនរងគ្រោះ ឈ្មោះ Nicole Sauvain-Weisskopf អាយុ ៥៧ ឆ្នាំ។ ប៉ូលីស បានរកឃើញសពរបស់ជនរងគ្រោះ ផ្កាប់មុខនៅក្នុងទឹក និងត្រូវបានគ្របក្រណាត់ខ្មៅ ព្រមទាំងបានរកឃើញទូរសព្ទ ខោខ្លី និងឯកសណ្ឋានកីឡានៅក្បែរនោះ។
ជនសង្ស័យឈ្មោះ Theerawut Tortip បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មាន ថា គេបានសម្លាប់ស្ត្រីនោះហើយលួចរបស់របររបស់ជនរងគ្រោះ។ ជនសង្ស័យ ត្រូវបានចាប់ខ្លួន បន្ទាប់ពីរូបភាពស៊ីស៊ីធីវី នៅក្បែរទីតាំងកើតហេតុ បានបង្ហាញពីជនសង្ស័យ កំពុងធ្វើដំណើរទៅទឹកជ្រោះក្នុងពេលតែមួយ នៅពេលដែលជនរងគ្រោះបានចាកចេញពីសណ្ឋាគារ ដើរតម្រង់ទៅកាន់ទឹកជ្រោះមួយកន្លែង។
ការស្លាប់របស់គាត់បានកើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីប្រទេសថៃ បានចាប់ផ្តើមគម្រោង “Phuket Sandbox”។ ជនរងគ្រោះត្រូវបានគេរាយការណ៍ថា បានមកដល់ប្រទេសថៃ កាលថ្ងៃទី១៣ ខែកក្កដា។
អ្នកនាំពាក្យរបស់ក្រសួងការបរទេសថៃ បានផ្ញើសាររំលែកទុក្ខទៅកាន់ឯកអគ្គរដ្ឋទូតស្វីសចំពោះ ឃាតកម្មលើស្ត្រីជនជាតិស្វីសនៅភូកេត។
របាយការណ៍ក្នុងស្រុក បានឱ្យដឹងថា ជនរងគ្រោះគឺជាមន្ត្រីការទូតស្វីសម្នាក់ បើទោះជាមន្ត្រី មិនទាន់មានការធ្វើការអត្ថាធិប្បាយអំពីការងាររបស់ជនរងគ្រោះក៏ដោយ៕