ចិន៖ អតីតសមាជិកក្រុម Exo ដែលកំពុងជាប់រឿងអាស្រូវកក្រើកនាពេលបច្ចុប្បន្នលោក Kris Wu ត្រូវបានចាប់ខ្លួនពីបទរំលោភក្មេងស្រីជាអនីតិជន។ តារាប្រុសរូបនេះ ត្រូវអស់អនាគតត្រឹមមួយប៉ប្រិចភ្នែក ក្រោយនារីជាជនរងគ្រោះច្រើននាក់ទៀត បានចេញមុខបកអាក្រាតជាបន្តបន្ទាប់។
យោងតាមសារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា ម្តាយរបស់ Kris Wu តែងប្រើប្រាស់លុយបិទព័ត៌មាន តាមក្រោយរាល់ពេលដែលកូនប្រុសខ្លួនបង្ករឿងម្តងៗ។ ប៉ុន្តែលើកនេះមិនអាចរួចខ្លួន ដោយសារក្នុងចំណោមស្ត្រីរងគ្រោះទាំងនោះ ក៏មានក្មេងស្រីជាអនីតិជនផងដែរ ទើបតារាប្រុសរូបនេះ ត្រូវបានប៉ូលិសឃាត់ខ្លួនដើម្បីស៊ើបអង្កេតបន្ថែម។
Kris Wu ពេញចិត្តតែនារីក្មេងៗអាយុមិនដល់ ២០ឆ្នាំ ដែលភាគច្រើនស្ត្រីរងគ្រោះទាំងនោះ សុទ្ធសឹងជាអ្នកគាំទ្ររបស់លោក រីឯអ្នករងគ្រោះដែលមានអាយុក្មេងជាងគេគឺមានវ័យទើបតែ ១២ឆ្នាំប៉ុណ្ណោះ។ គ្រាន់តែបានដឹងដំណឹងនេះភ្លាម មហាជន បាននាំគ្នាជេរប្រទេចតារាប្រុសរូបនេះមិនសំចៃមាត់ ដោយពួកគេមានការខឹងជាខ្លាំង។
គួរបញ្ជាក់ដែរថា រឿងអាស្រូវមួយនេះ បានធ្វើឱ្យកក្រើកពិភពលោក រហូតធ្វើឱ្យ Kris Wu ត្រូវបានបណ្តាផលិតផលទាំងក្នុង និងក្រៅប្រទេសដកសិទ្ធិជាទូតសុច្ឆន្ទៈអស់គ្មានសល់ ដោយសារខ្លាចប៉ះពាល់ដល់យីហោរបស់ពួកគេ ព្រមទាំងគ្មានមេធាវីណា ហ៊ានចេញមុខការពារក្តីឱ្យតារាប្រុសរូបនេះឡើយ៕