អាមេរិក៖ ជំនួយការជាន់ខ្ពស់របស់អភិបាលរដ្ឋញូវយ៉ក លោក អេនឌ្រូ ឃូម៉ូ (Andrew Cuomo) បានប្រកាសលាលែងពីតំណែងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីរបាយការណ៍របស់អគ្គរដ្ឋអាជ្ញា ឱ្យដឹងថា អភិបាលរដ្ឋរូបនេះ បានបៀតបៀនផ្លូវភេទស្ត្រីចំនួន ១១នាក់។
លោកស្រី មេលីសា ឌីរ៉ូសា (Melissa DeRosa) លេខាធិការរបស់អភិបាលរដ្ឋញូវយ៉ក ត្រូវបានគេភ្ជាប់នៅក្នុងរបាយការណ៍ ថា លោកស្រីបានខិតខំបិទបាំងសកម្មភាពអាក្រក់របស់លោក ឃូម៉ូ និងបានសងសឹកទៅលើអ្នកចោទប្រកាន់អភិបាលរដ្ឋខាងលើ ម្នាក់ថែមទៀតផង។
របាយការណ៍នោះបានឱ្យដឹងថា លោកអភិបាល ឃូម៉ូ បានចាប់ ថើប និងនិយាយអាសអាភាសទៅកាន់ស្ត្រីជាជនរងគ្រោះចំនួន ១១នាក់។
របាយការណ៍បន្តថា លោកស្រី ឌីរ៉ូសា ដែលជាមនុស្សជំនិតរបស់អភិបាលរដ្ឋញូវយ៉ក ជាមនុស្សកណ្តាល នៅក្នុងការសងសឹកឱ្យលោកឃូម៉ូ ប្រឆាំងនឹងស្ត្រីម្នាក់ ឈ្មោះ Lindsey Boyland បន្ទាប់ពីនាងជាជនរងគ្រោះទី១ ដែលបានចេញមុខបកអាក្រាតអភិបាលរដ្ឋញូវយ៉កមុនគេបង្អស់។
លោកស្រី ឌីរ៉ូសា ដែលតែងតែការពារលោក ឃូម៉ូ នៅពេលដែលគាត់ប្រឈមមុខនឹងការរិះគន់ជាសាធារណៈ បានធ្វើការជាមួយរដ្ឋបាលញូវយ៉ក តាំងពីឆ្នាំ២០១៣។ លោកស្រី ត្រូវបានគេផ្តល់តួនាទីជា “លេខាធិការនៃអភិបាលរដ្ឋ” នៅឆ្នាំ២០១៧។
គណៈកម្មការវិនិច្ឆ័យរបស់សភាញូវយ៉ក បានកំណត់ពេលប្រជុំ ដើម្បីពិភាក្សាលើដំណើរការនៃការទម្លាក់លោកឃូម៉ូ ចេញពីតំណែង នៅថ្ងៃចន្ទ ទី៩ ខែសីហានេះ។
គួរជម្រាបថា អតីតជំនួយការម្នាក់ទៀត ឈ្មោះ Brittany Commisso បានដាក់ពាក្យប្ដឹងលោក ឃូម៉ូ កាលពីសប្តាហ៍មុន ថា លោកអភិបាលរដ្ឋខាងលើ បានបៀតបៀនខ្លួន ដោយប៉ះដើមទ្រូង និងយកដៃត្រដុសខ្នងរបស់នាង។ ប៉ុន្តែលោក ឃូម៉ូ បានបដិសេធទង្វើទាំងនេះ៕