×

ចិនដាក់​ទណ្ឌកម្ម​មន្រ្តី​រាប់សិបនាក់ ខណៈ​ការរីករាល​ដាល​នៃ​ជំងឺកូវីដ១៩​ប្រភេទ​ដែលតា​ហក់ឡើង

ចិន៖ រដ្ឋាភិបាលចិន បានដាក់ទណ្ឌកម្មមន្រ្តីជាច្រើន ដែលបរាជ័យក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបង្កឱ្យមានការឆ្លងរោគជិត ៩០០ ករណី នៅទូទាំងប្រទេស ក្នុងរយៈពេលតិចជាងមួយខែ។

ទីក្រុងយ៉ាងចូវ នៅភាគខាងកើតប្រទេសចិន បានចេញការព្រមានដល់មន្រ្តី ៥ រូបចំពោះការធ្វើតេស្តទ្រង់ទ្រាយធំដោយមិនត្រឹមត្រូវ ដែលធ្វើឱ្យវីរុសបន្តរីករាលដាលទៅកាន់មនុស្សជាច្រើនថែមទៀត។

ទីក្រុងនេះ បានវ៉ាផ្ដាច់ទីក្រុងណានជីង ដែលមានការផ្ទុះឡើងនៃវីរុសប្រភេទដែលតាមុនគេ ដោយមានករណីឆ្លងចំនួន ៣០៨ ករណី គិតត្រឹមថ្ងៃចន្ទ។ អ្នកជំងឺ ៦នាក់ មានជំងឺធ្ងន់ធ្ងរ ហើយប្រសិនបើមាននរណាម្នាក់ស្លាប់ វានឹងក្លាយជាការស្លាប់ដំបូងនៅក្នុងប្រទេសចិន ក្នុងរយៈពេលជាង ៦ខែ។

មន្រ្តីជាង ៣០នាក់ នៅទូទាំងប្រទេសចិន រាប់ចាប់ពីចៅហ្វាយក្រុង ប្រធានសុខាភិបាលក្នុងតំបន់ រហូតដល់ប្រធានមន្ទីរពេទ្យនិងព្រលានយន្តហោះ ត្រូវបានផ្តន្ទាទោសចំពោះការធ្វេសប្រហែស និងការគ្រប់គ្រងស្ថានការណ៍កូវីដ១៩ប្រភេទដែលតាមិនបានល្អ។

ប្រទេសចិន កំពុងប្រឈមមុខនឹងការរីករាលដាលនៃជំងឺកូវីដ១៩ជាថ្មី ចាប់តាំងពីប្រទេសនេះ បានកម្ចាត់មេរោគដែលបានផ្ទុះឡើងដំបូងនៅទីក្រុងអូហាន ភាគកណ្តាលប្រទេសចិន កាលពីចុងឆ្នាំ២០១៩។

ការរីករាលដាលឡើងវិញចុងក្រោយនេះ ត្រូវបានរកឃើញនៅខេត្តជាងពាក់កណ្ដាលនៃខេត្តទាំង ៣១ របស់ចិនដីគោក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង