ថៃ៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) បានព្រមានកាលពីថ្ងៃចន្ទ ប្រឆាំងនឹងការធ្វើដំណើរទៅកាន់ប្រទេសថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងប្រទេសមីយ៉ាន់ម៉ា ដោយសារតែមានការកើនឡើងនៃករណីកូវីដ១៩ នៅក្នុងប្រទេសទាំងនោះ។
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក បានបន្ថែមប្រទេសមួយចំនួននៅក្នុងកម្រិតទី៤ ដែលជាកម្រិតអាសន្នហាមឃាត់ការធ្វើដំណើរ ខណៈករណីឆ្លងរាលដាលពាសពេញពិភពលោក។
មជ្ឈមណ្ឌលហៅកាត់ថា CDC នេះ បានឱ្យដឹងនៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា៖ “ដោយសារតែស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសថៃ សូម្បីតែអ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញ ក៏អាចប្រឈមនឹងការឆ្លងកូវីដ១៩ ដែរ”។ សូមជម្រាបថា បញ្ជីរបស់ CDC អាមេរិក បានរាយឈ្មោះជាង ៧០ ប្រទេស រួមទាំងប្រទេសអាស៊ានចំនួន ៤ ផងដែរ។
ក្រសួងសុខាភិបាលថៃ បានរាយការណ៍នៅថ្ងៃអង្គារនេះ ថាប្រទេសថៃមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ថ្មីចំនួន ២៣៥ នាក់ និងបានក់ត្រាករណីឆ្លងថ្មីចំនួន ១៩.៨៤៣ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ៕