×

កម្ពុជា នឹង​រងឥទ្ធិពល​អាកាសធាតុ២ នឹង​បង្កឱ្យ​មាន​ភ្លៀងធ្លាក់​កម្រិត​បង្គួរ​ទៅច្រើន ក្នុង​សប្ដាហ៍នេះ

ភ្នំពេញ៖ ប្រទេសកម្ពុជា នឹងទទួលឥទ្ធិពល ពីខ្យល់មូសុងនិរតីខ្សោយ ក្នុងនោះ នៅថ្ងៃទី១១-១២ ខែសីហា ទទួលរងឥទ្ធិពល ពីជ្រលងសម្ពាធទាបពីប្រទេសចិន និងនៅថ្ងៃទី១៣-១៦ ខែសីហា ទទួលឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ITCZ ដែលបានកើត និងអូសបន្លាយលើភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ឥទ្ធិពលទាំងនេះ នឹងបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា ពី ២៤-២៦ °C និងសីតុណ្ហភាពអតិបរមា ពី ៣៣-៣៥ °C ព្រមទាំងអាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ក្នុងនោះក៏នឹងមាន ផ្នែកខ្លះនៃបណ្តាខេត្តនៅភាគកណ្តាល និងភាគខាងត្បូង នឹងអាចមានភ្លៀងធ្លាក់ច្រើន។

ចំណែកបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងអាចសីតុណ្ហភាពអប្បបរមា ពី ២៣-២៥ °C និងសីតុណ្ហភាពអតិបរមា ៣១-៣៣ °C ព្រមទាំងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ។ រីឯតំបន់មាត់សមុទ្រ នឹងមានសីតុណ្ហភាពអប្បបរមា ពី ២៣-២៥ ºC និងសីតុណ្ហភាពអតិបរមា ពី ៣១-៣៣ °C ព្រមទាំងអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ។

ក្រសួងធនធានទឹក អំពាវនាវដល់សាធារណជន មានការប្រុងប្រយ័ត្នចំពោះ បាតុភូតភ្លៀង ផ្គរ រន្ទះ លាយឡំ និងខ្យល់កន្ត្រាក់៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង