ជប៉ុន៖ យោងតាមស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានឱ្យដឹងថា កាលពីថ្ងៃទី៩ ខែសីហាឆ្នាំ ២០២១ គឺជាថ្ងៃដ៏វិសេសវិសាល នៃការអនុវត្ត នយោបាយការទូតសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រុមហ៊ុនតៃកា (TAICA) ដែលមានអាជីវកម្មនៅកម្ពុជា ជាអ្នកឧបត្ថម្ភការប្រកួតកីឡាបាល់ទាត់រវាងក្លិប S-Pulse និង Yokohama នៃលីគកំពូលជប៉ុន (Japan League) បានប្រសិទ្ធនាមការប្រកួតថាជា ទិវាកម្ពុជា Cambodia Day ។
ក្រុមការងារស្ថានទូតកម្ពុជា បានចូលរួមពិធីបើកការប្រកួត ហើយលោកឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន មានកិត្តិយសទាត់ បាល់ជាកិច្ចចាប់ផ្តើមនៃការប្រកួត។
ក្នុងការប្រកួតនោះ លោក IMAMURA Masahiro សមាជិក សភា និងជាប្រធានសមាគមន៍សភាជប៉ុន-កម្ពុជា ក៏បានអញ្ជើញចូលរួមក្នុងពិធីនេះដែរ។
ទីលានបាល់ទាត់នៅខេត្ត Shizuoka ដែលជាកន្លែងប្រកួតបានផ្សព្វផ្សាយយ៉ាងទូលាយអំពីកម្ពុជា ដោយប្រើពាក្យថា កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ Cambodia: Kingdom of Wonder ។
ការផ្សព្វផ្សាយនេះធ្វើឡើង ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ទាក់ទាញប្រជាជនជប៉ុនជាមិត្ត ឱ្យចាប់អារម្មណ៍ និងស្គាល់កម្ពុជាអោយកាន់តែច្រើនឡើង ក្នុងគោលបំណងជម្រុញវិស័យទេសចរណ៍របស់កម្ពុជា៕