×

ឆ្លងច្រើន​ពេកហើយ! វៀតណាម បំប្លែង​តាក់ស៊ី ៥០០គ្រឿង ទៅជា​រថយន្ត​សង្គ្រោះបន្ទាន់

វៀតណាម៖ រថយន្តតាក់ស៊ី និងរថយន្តដឹកអ្នកដំណើរ ចំនួនជិត ៥០០គ្រឿង នៅទីក្រុងហូជីមិញ ត្រូវបានបំប្លែងទៅជារថយន្តសង្គ្រោះបន្ទាន់ ដើម្បីដឹកបញ្ជូនអ្នកជំងឺកូវីដ១៩ ទៅមន្ទីរពេទ្យ ដែលមានការកើនឡើងយ៉ាងគំហុក។

ក្រុមហ៊ុនឈ្មោះ Mai Linh បាននិយាយថា តាក់ស៊ីរបស់ខ្លួនចំនួន ៨០គ្រឿងរបស់ខ្លួន ត្រូវបានប្រែក្លាយជារថយន្តដឹកអ្នកជំងឺកូវីដ១៩ ខណៈរថយន្តប្រហែល ១២០គ្រឿងទៀត ត្រូវរង់ចាំបំពាក់ឧបករណ៍វេជ្ជសាស្ត្រ ដើម្បីបម្រើក្នុងគោលបំណងដូចគ្នា។

នៅដើមខែនេះ ក្រុមហ៊ុនរថយន្តក្រុង ឈ្មោះ Phuong Trang បាននិយាយថារថយន្តជាង ២០០ គ្រឿងរបស់ខ្លួន ត្រូវបានបំប្លែងទៅជារថយន្តសង្គ្រោះបន្ទាន់ ដើម្បីជួយសម្រួលដល់អាជ្ញាធរសុខាភិបាល ក្នុងតំបន់ ក្នុងការដឹកជញ្ជូនអ្នកជំងឺកូវីដ១៩។

ចំណែក ក្រុមហ៊ុនរថយន្តក្រុងដឹកអ្នកដំណើរឈ្មោះ សៃហ្គន បានប្រមូលរថយន្ត និងឡានក្រុងចំនួន ៤០ គ្រឿងដែលមានកៅអីពី ១០-៤៥ ដើម្បីជួយដល់វិស័យថែទាំសុខភាពរបស់ទីក្រុងហូជីមិញ។

សូមជម្រាបថា ទីក្រុងនេះ បានកត់ត្រាករណីឆ្លងកូវីដ១៩នៅក្នុងហគមន៍ចំនួន ១២៨.២៨៥ ករណី រហូតមកដល់ពេលនេះ នៅក្នុងរលកថ្មីដែលបានផ្ទុះឡើងនៅចុងខែមេសា ដោយមានអ្នកស្លាប់ជាង ៣.០០០ នាក់។ នេះបើយោងតាមក្រសួងសុខាភិបាលនៃប្រទេសវៀតណាម៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង