×

ចំណេះដឹង៖ សិង្ហបុរី ប្រើប្រាស់​ប្រព័ន្ធ​ទំនើប​ដើម្បី​ប្រែក្លាយ​ទឹកសម្អុយ​ទៅជា​ទឹកផឹក

សិង្ហបុរី៖ ម៉ាស៊ីនបូមទឹកយក្ស ស្ថិតនៅក្រោមដីនៅរោងចក្រមួយក្នុងប្រទេសសិង្ហបុរី ជួយប្រែក្លាយទឹកសម្អុយទៅជាទឹកស្អាតសម្រាប់ផឹក ខណៈវាក៏អាចកាត់បន្ថយការបំពុលទឹកសមុទ្រផងដែរ។

ប្រទេសកោះតូចមួយនេះ មិនសូវមានប្រភពទឹកធម្មជាតិទេ ហើយត្រូវពឹងផ្អែកជាចម្បងលើការផ្គត់ផ្គង់ពីប្រទេសជិតខាង ពោលគឺប្រទេសម៉ាឡេស៊ី។ រដ្ឋាភិបាលសិង្ហបុរី បានបង្កើតប្រព័ន្ធជឿនលឿនសម្រាប់ការចម្រោះទឹកសម្អុយ ដែលពាក់ព័ន្ធនឹងបំពង់ក្រោមដី និងរោងចក្របច្ចេកវិទ្យាខ្ពស់។

បច្ចុប្បន្ននេះ ទឹកសម្អុយ អាចបំពេញតម្រូវការទឹក ៤០ភាគរយរបស់ប្រជាពលរដ្ឋសិង្ហបុរី ដែលតួលេខនេះ ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៥៥ភាគរយនៅឆ្នាំ២០៦០។ នេះបើយោងតាមទីភ្នាក់ងាររដ្ឋាករទឹករបស់ប្រទេសសិង្ហបុរី។

ខណៈទឹកស្អាតភាគច្រើន ត្រូវបានប្រើសម្រាប់គោលបំណងឧស្សាហកម្ម ទឹកស្អាតក៏ត្រូវបានផ្គត់ផ្គង់សម្រាប់ការប្រើប្រាស់ក្នុងលំនៅឋាន សម្រាប់ផឹក ក្នុងប្រទេសដែលមានប្រជាជនចំនួន ៥,៧ លាននាក់។ ប្រព័ន្ធនេះ ជួយកាត់បន្ថយការបំពុលទឹកសមុទ្រ ដោយសារតែទឹកដែលបានចម្រោះមួយចំនួនតូចប៉ុណ្ណោះ ត្រូវបានបញ្ចេញទៅក្នុងសមុទ្រ។

នេះគឺជាភាពផ្ទុយគ្នាទៅនឹងប្រទេសដទៃទៀត ដែល ៨០ ភាគរយនៃទឹកសម្អុយរបស់ពិភពលោក បានហូរចូលទៅក្នុងប្រព័ន្ធអេកូឡូស៊ីវិញ ដោយមិនត្រូវបានចម្រោះ ឬប្រើប្រាស់ឡើងវិញទេ។ នេះបើយោងតាមការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិ។

ការធានាការផ្គត់ផ្គង់ទឹករបស់សិង្ហបុរី មានដូចជា ការនាំចូល ការប្រើប្រាស់អាងស្តុកទឹក និងការចម្រោះទឹកសមុទ្រ។ ហើយរោងចក្រផលិតទឹកស្អាត ឆាងជី (Changi) គឺជារោងចក្រចម្រោះទឹកសម្អុយដែលមានបច្ចេកវិទ្យាខ្ពស់នៅឆ្នេរខាងកើតសិង្ហបុរី។

រោងចក្រនេះ ស្ថិតនៅក្រោមដីដែលមានជម្រៅរហូតដល់ ២៥ជាន់ ហើយវាត្រូវទទួលទឹកសម្អុយដែលហូរតាមបំពង់ក្រោមដីដ៏ធំ ប្រវែង ៤៨គីឡូម៉ែត្រ ដែលភ្ជាប់ទៅកាន់ប្រព័ន្ធលូរបស់ទីក្រុង។

ទីតាំងនេះសម្បូរទៅដោយបំពង់ដែក ស៊ីទែន ប្រព័ន្ធចម្រោះទឹក និងគ្រឿងម៉ាស៊ីនផ្សេងៗ ដែលអាចចម្រោះទឹកសម្អុយរហូតដល់ ៩០០ លានលីត្រក្នុងមួយថ្ងៃ ដែលអាចផ្គត់ផ្គង់ទឹកសម្រាប់អាងហែលទឹកខ្នាតធំនៅកីឡាអូឡាំពិក រៀងរាល់ ២៤ ម៉ោងម្តង សម្រាប់រយៈពេលពេញមួយឆ្នាំ។

នៅក្នុងអាគារមួយ បណ្តាញបំពង់ខ្យល់បានរក្សាគុណភាពខ្យល់ឱ្យមានក្លិនល្អ។ ទឹកសម្អុយដែលហូរចូលរោងចក្រ ត្រូវឆ្លងកាត់ដំណើរការចម្រោះដំណាក់កាលដំបូងនៅក្រោមដី មុនពេលម៉ាស៊ីនបូមទឹក បញ្ជូនទឹកទៅកន្លែងចម្រោះនៅលើដី ដើម្បីធ្វើការចម្រោះបន្ថែម។ បាក់តេរី និងមេរោគ ត្រូវបានសម្លាប់ តាមរយៈដំណើរការនៃការបន្សុទ្ធទឹកកម្រិតខ្ពស់ ហើយត្រូវបានសម្លាប់ដោយកាំរស្មីអ៊ុលត្រាវីយូឡេ។ នៅដំណាក់កាលចុងក្រោយ ទឹកស្អាត ត្រូវបានគេដាក់ឈ្មោះថា NEWater ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង