ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសារាចរណែនាំស្ដីពីវិធានការនៃការរួមចំណែកកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ១៩ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១។
ក្រសួងសុខាភិបាល បានណែនាំដល់មន្ទីរពេទ្យឯកជននិងគ្លីនិកទាំងអស់ ត្រូវផ្តល់សេវាធ្វើតេស្តរហ័សដល់ប្រជាពលរដ្ឋ ក្នុងតម្លៃទាបសមស្រប ដោយប្រើប្រាស់ឧបករណ៍តេស្តរហ័សដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល។ ចំណែក ឱសថស្ថាននិងឱសថស្ថានរង ត្រូវលក់ឧបករណ៍តេស្ដរហ័សក្នុងតម្លៃសមស្រប ដើម្បីឱ្យប្រជាពលរដ្ឋ មានលទ្ធភាពទិញយកមកធ្វើតេស្ត ដោយមានការត្រួតពិនិត្យឱ្យបានហ្មត់ចត់ដោយក្រុមការងារ សិក្សា និងស្រាវជ្រាវរកឱសថនិងបរិក្ខារសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩។
ក្នុងសារាចរណែនាំ ក្រសួងសុខាភិបាលបានបន្តថា សមត្ថកិច្ចពាក់ព័ន្ធត្រូវគ្រប់គ្រងនិងត្រួតពិនិត្យឱ្យបានច្បាស់លាស់ ដើម្បី ទប់ស្កាត់កុំឱ្យឧបករណ៍របស់រដ្ឋមាននៅលើទីផ្សារ។
ស្ថាប័នរដ្ឋ ក្រុមហ៊ុន សហគ្រាស រោងចក្រ និងទីតាំងដែលមានអង្គការចាត់តាំង ត្រូវធ្វើតេស្ត ជាប្រចាំទៅលើមន្ត្រីនិងបុគ្គលិករបស់ខ្លួន ដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បន្តចែកចាយ ឧបករណ៍តេស្តរហ័សក្នុងតម្លៃដើម។
ក្រសួងបន្តទៀតថា តំបន់ដែលមានផ្ទុះជំងឺកូវីដ១៩ ជាតំបន់បិទខ្ទប់ ត្រូវបានកំណត់ធ្វើការវាយតម្លៃលើប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធ និងធ្វើតេស្តរហ័ស ឬធ្វើតេស្ត PCR ស្របតាមបទដ្ឋានបច្ចេកទេសសុខាភិបាល។
សារាចរណែនាំបន្ថែមទៀតថា កន្លែងយកសំណាកសាធារណៈដោយមន្ត្រីសុខាភិបាលមូលដ្ឋាន ឬក្រុមអ្នកស្ម័គ្រចិត្ត សម្រាប់ប្រជាពលរដ្ឋមិនមានលទ្ធភាពទិញឧបករណ៍តេស្ករហ័ស ត្រូវរៀបចំនៅតាមស្រុក ខណ្ឌ ឬឃុំ សង្កាត់។ ចំណែក ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បន្តលក់ឧបករណ៍តស្ករហ័ស ២ខែទៀត ដើម្បីធ្វើឱ្យមានភាពសម្បូរនិងបន្សំទៅនឹងតម្លៃទីផ្សារ។ បន្ទាប់មក ក្រសួងនឹងផ្ទេរការងារនេះឱ្យទៅអង្គភាពណាមួយទទួលខុសត្រូវបន្ត ឬទុកលទ្ធភាពឱ្យក្រុមហ៊ុនធ្វើអាជីវកម្មក្នុងតម្លៃសមស្រប៕