×

មនុស្ស​យ៉ាងតិច ៦៥នាក់​ស្លា ប់ ដោយសារ​ភ្លើងឆេះព្រៃ​នៅ​ប្រទេស​អាល់ហ្សេរី

អាល់ហ្សេរី៖ ភ្លើងឆេះព្រៃ ដែលកំពុងដុតកម្លោចតំបន់ភាគខាងជើងនៃប្រទេសអាល់ហ្សេរីនោះ ឥឡូវនេះ បានសម្លាប់មនុស្សយ៉ាងណាស់ ៦៥នាក់ហើយ ក្នុងនោះរួមមានទាំងទាហាន ២៨នាក់ផង ដែលត្រូវបានបញ្ជូនឱ្យទៅជួយក្រុមអ្នកពន្លត់អគ្គិភ័យ។

ភ្លើងឆេះព្រៃនៅក្នុងតំបន់ជួរភ្នំកាប៊ីលី (Kabylie) គឺជាភ្លើងឆេះព្រៃដ៏អាក្រក់បំផុត នៅក្នុងប្រវត្តិសាស្ត្រប្រទេសអាល់ហ្សេរី។ ក្រុមមន្រ្តី បានបន្ទោសថា ភ្លើងឆេះព្រៃនេះ ភាគច្រើន គឺមនុស្សជាអ្នកដុត។

មនុស្សជាច្រើន ត្រូវបានចាប់ខ្លួនដោយជាប់សង្ស័យថា ជាអ្នកបង្កើតឱ្យមានភ្លើងឆេះព្រៃទាំងនេះ ប៉ុន្តែក្រុមមន្រ្តីមិនបានផ្តល់ព័ត៌មានលម្អិតទេ។

ប្រធានាធិបតីអាល់ហ្សេរី បានប្រកាសកាន់ទុក្ខនៅទូទាំងប្រទេសរយៈពេល ៣ថ្ងៃសម្រាប់ជនរងគ្រោះ។

កាលពីថ្ងៃពុធ ភ្លើងឆេះព្រៃសរុបចំនួន ៦៩កន្លែងកំពុងឆាបឆេះនៅទូទាំងប្រទេសអាល់ហ្សេរី ចំពេលដែលរលកកម្ដៅកំពុងវាយប្រហារពាសពេញតំបន់អាហ្វ្រិកខាងជើង។ ភ្លើងឆេះព្រៃទាំងនេះ បានឆាបឆេះកាន់តែខ្លាំងដោយសារខ្យល់បក់បោកខ្លាំង និងលក្ខខណ្ឌអាកាសធាតុស្ងួត។

នៅក្នុងតំបន់ទីហ្ស៊ីអ៊ូហ្សូ (Tizi Ouzou) ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ពលរដ្ឋបានភៀសខ្លួនចេញពីលំនៅដ្ឋាន ហើយផ្ទះជាច្រើនខ្នងត្រូវបានបំផ្លាញ។ ជនរងគ្រោះភាគច្រើន រស់នៅតាមភូមិដាច់ស្រយាលក្នុងតំបន់នេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង