ថៃ៖ រូបភាពក្មេងស្រីអាយុ ៣ឆ្នាំអង្គុយក្បែរឪពុកកំពុងដាក់អុកស៊ីសែនដោយសារវិជ្ជមានកូវីដ១៩កាលមួយរយៈមុន បានធ្វើឱ្យមនុស្សជាច្រើនក្តុកក្តួលជាពន់ពេក ព្រោះអាការទាំងម្តាយឪពុក និងក្មេងស្រីតូចរូបនេះគឺមានភាពធ្ងន់ធ្ងររហូតត្រូវដាក់អុកស៊ីសែនគេងនៅបន្ទប់សង្គ្រោះបន្ទាន់ទៀតផង។
មកដល់ថ្ងៃទី១១ ខែសីហា ម្សិលមិញនេះ យោងតាមផេកបណ្តាញសង្គមរបស់វេជ្ជបណ្ឌិត Anuchit មកពីមន្ទីរពេទ្យ Mararat Nakhon Ratchasima បានឱ្យដឹងថា ឪពុកកូនទាំងពីរ បានជាសះស្បើយពីជំងឺកូវីដ១៩ហើយ ដោយត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃដោយខ្លួនឯងនៅផ្ទះ។
គួរបញ្ជាក់ដែរថា កាលពីមួយរយៈមុន រូបភាពក្មេងស្រីនេះអង្គុយក្បែរឪពុកកំពុងដាក់អុកស៊ីសែន បានឆក់បេះដូងមហាជនឱ្យក្តុកក្តួល និងបារម្ភជាខ្លាំងដោយមិនដឹងថា អាយុជីវិតពួកគេនឹងអាចឆ្លងផុតដំណាក់កាលលំបាកនេះបាន ឬយ៉ាងណា? តែពេលនេះគ្រប់គ្នា ក៏បានធូរស្រាលចិត្តឡើងវិញក្រោយទទួលដំណឹងថា គ្រួសារមួយនេះទទួលបានសុវត្ថិភាព និងបានជួបជុំគ្នាឡើងវិញបែបនេះ៕