ភ្នំពេញ៖ ក្រសួងសុខាភិបាលបានជូនដំណឹងជាបន្តបន្ទាប់ ទាក់ទងនឹងការរកឃើញករណីឆ្លងមេរោគដែលតា (Delta) ដែលឆ្លងលឿន និងមានគ្រោះថ្នាក់ជាងមេរោគប្រភេទដទៃទៀត។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលនាពេលកន្លងមក ឃើញថា មាន រាជធានី ខេត្តចំនួន ១៧ ហើយដែលបានរកឃើញករណីមេរោគដែលតា។ ក្នុងនោះ ខេត្តចំនួន ២ រួមមាន ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប មានករណីឆ្លងច្រើនជាងគេ ដោយខេត្តឧត្តរមានជ័យ រកឃើញ ៨៤ករណី និងខេត្តសៀមរាប មាន ៦១ករណី។
ខេត្តទាំងពីរ រកឃើញសរុបចំនួន ១៤៥ ករណី ដែលតួលេខនេះ ស្ទើរតែជិតស្មើករណីរបស់រាជធានី ខេត្ត ១៥ផ្សេងទៀតបូកបញ្ចូលគ្នា ដែលមាន ១៦៩ករណី។ ជាក់ស្ដែង រាជធានីភ្នំពេញ រកឃើញចំនួន ៤៨ករណី, ខេត្តប៉ៃលិន ២៩ ករណី, បន្ទាយមានជ័យ ២១ករណី, ព្រះវិហារ ១៥ ករណី, រតនគិរី ៩ ករណី, កំពង់ធំ ៨ករណី, បាត់ដំបង ៧ករណី, កណ្ដាល ៤ករណី, កំពង់ចាម ៣ករណី, ត្បូងឃ្មុំ ២ករណី, ព្រៃវែង ២ករណី, ស្ទឹងត្រែង ២ករណី, ស្វាយរៀង ១៤ករណី, កំពង់ស្ពឺ ៤ករណី និងខេត្តកោះកុង ១ករណី។
សូមជម្រាបថា តួលេខខាងលើ មិនទាន់រាប់បញ្ចូលអ្នកដំណើរបរទេសមកតាមជើងហោះហើរនោះទេ។ យោងតាមក្រសួងសុខាភិបាលបានឱ្យដឹងថា ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញករណីដែលតា លើពលករត្រឡប់ពីប្រទេសថៃ និងប្រទេសវៀតណាម អ្នកដំណើរមកតាមជើងហោះហើរ បុគ្គលិកសុខាភិបាល មន្ត្រីរាជការ និងអ្នកភូមិនៅក្នុងសហគមន៍ សរុប ៤២៩នាក់ (ស្ត្រី ២០៩នាក់)៕