ចិន៖ យ៉ាងហោចណាស់មនុស្ស ២១នាក់បានស្លាប់ និង ៤ នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង នៅទីប្រជុំជនលីវលីន ខេត្តហ៊ូប៉ី ភាគកណ្តាលប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ ដែលទទួលរងនូវជំនន់ទឹកភ្លៀងខ្លាំងបំផុតមិនធ្លាប់មាននៅរដូវក្តៅនេះ។
ទីប្រជុំជនលីវលីន នៅក្នុងស្រុកសួយស៊ាន អានត្រូវបានវាយប្រហារ ដោយជំនន់ទឹកភ្លៀងចាប់តាំងពីថ្ងៃពុធមកម្ល៉េះ ដោយកម្រិតទឹកភ្លៀងអតិបរមានឡើងដល់ ១០០ មីល្លិម៉ែត្រក្នុងមួយម៉ោងចាប់ពីម៉ោង ៥ព្រឹកដល់ម៉ោង ៦ ព្រឹកនៅថ្ងៃព្រហស្បតិ៍។ ទីប្រជុំជននេះ បានកត់ត្រានូវការលិចទឹកជម្រៅ ៣,៥ ម៉ែត្រ ហើយឈានដល់ជម្រៅ ៥ ម៉ែត្រនៅក្នុងតំបន់មួយចំនួន។
អាជ្ញាធរ បានជម្លៀសប្រជាជនពីទីលំនៅ ចាប់ពីម៉ោង ២ ទៀបភ្លឺថ្ងៃព្រហស្បតិ៍នេះ។ អ្នកស្រុកចំនួន ៨.០០០ នាក់បានរងផលប៉ះពាល់ដោយសារទឹកជំនន់ ដោយមានអ្នកស្លាប់ចំនួន ២១ នាក់និងបាត់ខ្លួន ៤ នាក់ នេះបើផ្អែកលើរបាយការណ៍បឋម។ ផ្ទះនិងផ្ទះប្រកបអាជីវកម្ម ជាង ២.៧០០ ខ្នង ត្រូវបានជន់លិច ឬខូចខាតរួមទាំងសំណង់ចំនួន ២២១ ដែលបានដួលរលំ និងស្ពាន ៦៣ ដែលបានរងការខូចខាត។ ចរន្តអគ្គិសនី និងការទំនាក់ទំនង ក៏ត្រូវបានរំខានដែរ។
យោងតាមគេហទំព័ររបស់ក្រសួងគ្រប់គ្រងគ្រាអាសន្ន បានឱ្យដឹងថា ក្រសួងបានបញ្ជូនកម្លាំងជំនាញទៅកាន់ខេត្តហ៊ូប៉ី កាលពីល្ងាចថ្ងៃព្រហស្បតិ៍។
គួរបញ្ជាក់ថា នៅរដូវក្តៅនេះ ទីក្រុងជាច្រើនរបស់ចិនរួមទាំងទីក្រុងហឺណាន ភាគកណ្តាលប្រទេសចិន ត្រូវបានវាយប្រហារដោយសារភ្លៀងធ្លាក់យ៉ាងខ្លាំងដែលបង្កឱ្យមានការខូចខាតផ្នែកសេដ្ឋកិច្ច និងសម្លាប់មនុស្សរាប់រយនាក់។ យោងតាមរបាយការណ៍ មនុស្ស ៣០២នាក់ បានស្លាប់ដោយសារជំនន់ទឹកភ្លៀង នៅខេត្តហឺហាន កាលពីពាក់កណ្ដាលខែកក្កដា ខណៈមនុស្ស ៥០នាក់កំពុងបាត់ខ្លួននៅឡើយ៕
(ទស្សនាវីដេអូ)