ជប៉ុន៖ ឆ្មាំសមុទ្ររបស់ប្រទេសជប៉ុន បានឱ្យដឹងថា នាវាដឹកទំនិញមួយគ្រឿង បានដាច់ខ្លួនជាពីរកំណាត់ បន្ទាប់ពីវាបានបុកនឹងបាតសមុទ្រដែលមានជម្រៅរាក់ នៅកំពង់ផែមួយ ភាគខាងជើងប្រទេសនេះ និងបានបង្កការហូរប្រេងចូលសមុទ្រ។
ក្រុមហ៊ុនដែលគ្រប់គ្រងនាវាដឹកទំនិញខាងលើ មានឈ្មោះ NYK Line បានថ្លែងថា សមាជិកនាវិកចិន និងហ្វីលីពីនទាំង ២១ នាក់ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព ដោយឆ្មាំសមុទ្រជប៉ុន។
នាវាដឹកឈើបន្ទះឈើ ទម្ងន់ ៣៦.២០០ តោន ឈ្មោះ Crimson Polaris បានចូលចត កាលពីថ្ងៃពុធកន្លងទៅ ខណៈកំពុងធ្វើដំណើរទៅកាន់កំពង់ផែ Hachinohe ។
ឆ្មាំសមុទ្រ បាននិយាយថា នាវាអាចរំដោះខ្លួនចេញពីបាតសមុទ្រដែលមានជម្រៅរាក់បាន ប៉ុន្តែបានទទួលរងនូវការប្រេះស្រាំ ដែលបានបណ្តាលឱ្យនាវាដាច់ជាពីរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១នេះ។
ក្រុមហ៊ុន NYK Line បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បរិមាណនៃការលេចធ្លាយប្រេង កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។
នាវាដែលត្រូវបានចុះបញ្ជីនៅប្រទេសប៉ាណាម៉ា បានរសាត់ប្រហែល ៤ គីឡូម៉ែត្រពីកំពង់ផែ។ ចំណែកទំហំនៃប្រេងដែលធ្លាយចេញពីនាវា ត្រូវបានរាយការណ៍ថា មានប្រវែង ៥,១ គីឡូម៉ែត្រ និងទទឹងប្រហែល ១ គីឡូម៉ែត្រ៕
(ទស្សនាវីដេអូ)