×

ច្រើនណាស់! ពលករ​ត្រឡប់ពី​ប្រទេសថៃជិត ៥០០នាក់ សម្រុក​ចូលមក​កម្ពុជាវិញ ក្រោយ​បើកច្រកព្រំដែន​នៅបន្ទាយមានជ័យ​ឡើងវិញ

បន្ទាយមានជ័យ៖ ក្រោយពេលរាជរដ្ឋាភិបាលកម្ពុជា បើកច្រកព្រំដែនកម្ពុជា-ថៃ ឡើងវិញ អាជ្ញាធរខេត្តបន្ទាយមានជ័យ ក៏បានចាប់ផ្តើមទទួលយកពលករដែលមានបំណង ចូលមកកម្ពុជាវិញហើយ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។ ក្រោយពេលបើក ពលករជិត ៥០០នាក់ហើយ ត្រូវបានក្រុមគ្រូពេទ្យធ្វើការយកសំណាក មុនពេលបញ្ជូនទៅធ្វើ ចត្តាឡីស័ក បន្តទៀត។

លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការទិសទី១បន្ទាយមានជ័យ នៃយោធភូមិភាគទី៥ បាននិងកំពុងដឹកនាំក្រុមការងារ រៀបចំយកសំណាកតេស្តរហ័សរកកូវីដ-១៩ មុននឹងបញ្ជូនទៅកាន់មណ្ឌចត្តាឡីស័ក ដែលរដ្ឋបាលខេត្ត បានរៀបចំសម្រាប់ទទួលពលករ ហើយក្នុងករណី រកឃើញវិជ្ជមានកូវីដ-១៩ ក្រុមការងារ នឹងយកទៅព្យាបាលនៅមណ្ឌលព្យាបាលភ្លាមៗ។

ចំពោះពលករដែលជាប់គាំនៅច្រកបឹងត្រកួន ស្រុកថ្មពួក និងច្រកអូរបីជាន់ ស្រុកអូរជ្រៅ ជាប់ព្រំប្រទល់ខេត្តតាប់ប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ ដែលជាច្រកព្រំដែន មានពលករមកស្នាក់នៅបណ្តោះអាសន្នច្រើនជាងច្រកផ្សេងៗ។ នេះបើយោងតាម របាយការណ៍ដែលទទួលបានព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។

លោក អ៊ុ រាត្រី ក៏បានធ្វើការសំណូមពរដល់ពលករដែលចង់វិញត្រឡប់មកកម្ពុជាតាមច្រកព្រំ ដែលអាជ្ញាធរបានរៀបចំទទួលពលករ ដែលមានក្រុមការងារនៅទីនោះជួយសម្របសម្រួលជូន ប៉ុន្តែមិនត្រូវលួចចូលតាមច្រករបៀងគេចវែសពីការត្រួតពិនិត្យសុខភាព និងធ្វើចត្តាឡ័ស័ក ដែលមានហានិភ័យខ្ពស់ពីការឆ្លងរាលដាលកូវីដ-១៩ចូលក្នុងសហគមន៍ ពិសេសវីរុសបំប្លែងថ្មីប្រភេទDelta។

ជាមួយគ្នានេះ លោក រឿន សុធី អនុប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា នៅក្នុងខេត្តបន្ទាយមានជ័យ បានរកឃើញវីរុសបំប្លែងថ្មីប្រភេទ Deltaចំនួន ៤៣ករណី ក្នុងនោះឆ្លងក្នុងសហគមន៍ ៧ករណី ឆ្លងមន្ត្រីសុខាភិបាលជួមុខចំនួន ៦នាក់ ក្នុងពេញបេសកម្មព្យាបាលអ្នកជំងឺកូវីដ-១៩។ សម្រាប់ទូទាំងប្រទេសកម្ពុជា មេរោគDelta បានរកឃើញជាង ៤០០ករណី ហើយមកដល់ពេលនេះ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីមានការបិទខ្ទប់ខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ពិសេសខេត្តបន្ទាយមានជ័យ ដែលមានច្រកសំខាន់ៗក្នុងការទទួលពលករ ដែលជាប់គាំក្នុងដំណាក់កាលបិទខ្ទប់២សប្ដាហ៍ មានពលករសរុប ៤៦៣នាក់ ក្នុងនោះច្រកបឹងត្រកួន ស្រុកថ្មពួក ដែលមានពលករចំនួន ៣៣៥នាក់ ច្រកស្រុកម៉ាឡៃចំនួន ១០០នាក់ ច្រកស្រុកអូរជ្រៅចំនួន ១៨នាក់ និងច្រកប៉ោយប៉ែតចំនួន ១០នាក់។ ក្រៅពីនេះ ពលករបានចាប់ផ្តើមចូលមកកម្ពុជា ជាបន្តបន្ទាប់ ក្រោយពីអាជ្ញាធរបើកច្រកព្រំដែនឡើងវិញ៕

   

ដោយ៖ ប៊ុន ចាន់ថន

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង