បាត់ដំបង៖ ពលករខ្មែរប្រមាណជាង ៤០០នាក់ ដែលជាប់គាំងនៅក្នុងប្រទេសថៃ ក្នុងអំឡុងពេលដែលប្រទេសកម្ពុជា មានវិធានការបិទខ្ទប់ខេត្តជាប់ព្រំដែន ជាពិសេស ខេត្តបាត់ដំបង រយៈពេល ១៤ថ្ងៃ ក្នុងន័យដើម្បីធ្វើការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលក្នុងសហគមន៍នៃវីរុសកូវីដ១៩ ប្រភេទដែលតា(Delta) ដែលនឹងត្រូវបានបញ្ចប់នៅម៉ោង ២៣:៥៩នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ហើយឈានចូលដល់ព្រឹកថ្ងៃទី១៣ ខែសីហា នេះដែរ ពួកគាត់បានសម្រុកចូលមកស្រុកកំណើតវិញ ដោយបានឆ្លងកាត់ច្រកទ្វារតំបន់ព្រំដែន សួនស៊ុ ហៅ អូរអន្លក់ ក្នុងឃុំតាសែន ស្រុកកំរៀង និងមួយផ្នែកទៀតចូលតាមច្រករបៀង ស្ថិតក្នុងភូមិសាស្ត្រស្រុកសំពៅលូន ខេត្តបាត់ដំបង ។
អភិបាលខេត្តបាត់ដំបង លោកងួន រតនៈ បានដឹកនាំប្រតិភូខេត្ត មកទទួលយកពលករខ្មែរទាំងអស់នោះមកវិញ បន្ទាប់ពីបានជាប់គាំងដោយការបិទខ្ទប់ព្រំដែននៃប្រទេសកម្ពុជា-ថៃ ដែលភាគីថៃ បានរៀបចំឱ្យមានការស្នាក់នៅជាបណ្តោះអាសន្ន ក្នុងមណ្ឌលចត្តាឡីស័កនៅស្រុកសយដាវ និងស្រុកប៉ូណាំរ៉ង ខេត្តចាន់បូរី ដែលក្នុងនោះខាងភាគីថៃ បានពិភាក្សានិងបញ្ជូនពលករទាំងនោះនៅពេលបើកព្រំដែនឡើងវិញ បន្ទាប់ពីបានបិទខ្ទប់អស់រយៈពេល១៤ថ្ងៃកន្លងមក ។
លោក ងួន រតនៈ បានបញ្ជាក់ថា ពលករដែលមកដល់ច្រកទ្វារព្រំដែន ត្រូវបានមន្ត្រីជំនាញរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានយកសំណាកនិងធ្វើតេស្តរហ័ស ដោយបានរកឃើញវិជ្ជមានវីរុសកូវីដ១៩ ទៅលើពួកគេជាបន្តបន្ទាប់ ។
លោក បានបញ្ជាក់ថា ពលករដែលបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ត្រូវបានបញ្ជូនទៅមណ្ឌលព្យាបាលនៅមណ្ឌលព្យាបាលដោយដាក់ពួកគាត់នៅដាច់ដោយឡែកពីអ្នកជំងឺចាស់ និងអ្នកអវិជ្ជមានត្រូវបានដឹកជញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័ក នៅតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រនៃខេត្តបាត់ដំបង មុននឹងបញ្ជូនបន្តទៅមណ្ឌលចត្តាឡីស័កនៅខេត្តសាមីរបស់ពួកគាត់ទៀត ។
សូមបញ្ជាក់ថា ពេលពលករចូលមកដល់ច្រកទ្វារព្រំដែន ត្រូវបានយកសំណាកធ្វើតេស្តរហ័ស ជាលទ្ធផលបឋម ពលករចំនួន១០០នាក់ បានរកឃើញអ្នកវិជ្ជមានចំនួន ១២នាក់ ។
នៅក្នុងការបើកឱ្យដំណើរការព្រំដែនឡើងវិញនេះ កងកម្លាំងយោធពលខេមរភូមិន្ទ បានយករថយន្តដែលជាអំណោយរបស់សម្តេចនាយករដ្ឋមន្ត្រី ដឹកពលករដែលកំពុងជាប់គាំងនៅព្រំដែនក្នុងទឹកដីថៃ ប្រមាណ៤០០នាក់ ចូលមកក្នុងប្រទេកម្ពុជាវិញ ដើម្បីបញ្ជូនពួកគេទៅ
ព្យាបាលជំងឺ និងធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័ក តាមខ្សែបន្ទាត់ព្រំដែននៃខេត្តបាត់ដំបងផងដែរ៕
ដោយ៖ ឡាច សុគន្ធាវី