ភ្នំពេញ៖ បើនិយាយពី ជីដូនកាកី មនុស្សភាគច្រើនប្រាកដជានឹកឃើញដល់អតីតតារាសម្តែង និងជាអ្នកបង្ហាញម៉ូតអ្នកនាង ស្រីម៉ុច ជាមិនខាន ដែលរំឭកទៅការសម្តែងសាច់រឿងមួយនេះ នាងពិតជាសម្តែងបានល្អឥតខ្ចោះរហូតធ្វើឱ្យអ្នកទស្សនាជក់ចិត្តដិតអារម្មណ៍តាម។
ស្រីម៉ុច ក៏ជាតារាស្រីមួយរូបដែលគ្រប់គ្នាបានដាក់ឈ្មោះឱ្យថាជាកំពូលតារាសិចស៊ីផងដែរ ប៉ុន្តែដោយសារភាពសិចស៊ីនេះហើយ ទើបធ្វើឱ្យនាងធ្លាប់ត្រូវបានមហាជនរិះគន់មិនសំចៃមាត់។ ស្រីម៉ុច បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងបុរសជនជាតិសិង្ហបុរីម្នាក់ដែលគិតមកទល់ពេលនេះ អ្នកទាំងពីរ បានសាងគ្រួសារជាមួយគ្នាបានរយៈពេល ១៧ឆ្នាំមកហើយ និងមានកូនប្រុសស្រី ៣នាក់ជាចំណងដៃផងដែរ។
បើទោះបីជាផ្អាកការងារសិល្បៈជាយូរឆ្នាំមកហើយក្តី ប៉ុន្តែគ្រប់គ្នានៅតែចង់ដឹងចង់ឭពីជីវិតឯកជនរបស់នាងដដែល។ ក្រៅពីជីវិតគ្រួសារហើយនោះ អ្នកគាំទ្ររបស់តារាស្រីរូបនេះ មានការចាប់អារម្មណ៍ពីភាពប៉ិនប្រសព្វក្នុងការថែរក្សារូបរាង និងសម្រស់ឱ្យនៅតែក្មេងជាងវ័យក្រោយនាងបានបង្ហាញអាយុពិតប្រាកដនៃការឈានចូលវ័យ ៤១ឆ្នាំក្នុងថ្ងៃកំណើតថ្ងៃនេះ។
គ្រប់គ្នាស្ទើរមិនជឿថា អតីតតារាស្រីរូបនេះនៅតែស្រស់ស្អាត និងមានភាពទាក់ទាញខ្លាំងមិនថយសម្រស់បែបនេះឡើយរហូតដល់អ្នកគាំទ្រមួយចំនួនបញ្ចេញមតិថា នៅថ្ងៃអនាគតសង្ឃឹមថា នឹងបានរូបសម្រស់ក្មេងជាងវ័យដូចនាងពេលនេះអ៊ីចឹង៕