×

ភ្នំពេញ រកឃើញ​ករណីវីរុស Delta បន្ថែម១នាក់ទៀត

ភ្នំពេញ៖ ក្រុមគ្រូពេទ្យ បានរកឃើញវិជ្ជមាន វីរុសកូវីដ១៩ ចំនួន ១ ករណី សម្រាប់ការចុះទៅធ្វើតេស្តដល់ប្រជាពលរដ្ឋ ចំនួន ៧០នាក់ នៅភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅក្នុងប្រតិបត្តិការស្វែងរក កាលពីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។

នៅព្រឹកថ្ងៃទី១៣ ខែសីហានេះ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មានការឆ្លងរាលដាលវីរុសបំប្លែងខ្លួនថ្មីប្រភេទ Delta នៅក្នុងភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការចម្លង រដ្ឋបាលរាជធានី បានសម្រេចបិទខ្ទប់កំណាត់ផ្លូវលេខ៣៥ ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។

សូមបញ្ជាក់ថា យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ រាជធានីភ្នំពេញបានរកឃើញករណីមេរោគ Delta ចំនួន ១៣ ករណីមកហើយដែលជាការចម្លងនៅក្នុងសហគមន៍ ដោយមិនរាប់អ្នកដំណើរបរទេសមកតាមជើងហោះហើរឡើយ។

គិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងទំព័រហ្វេសប៊ុករបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឱ្យដឹងថា ទីតាំងមួយចំនួន ដែលរកឃើញករណីមេរោគ Delta មានដូចជា៖ មន្ទីរពេទ្យកាល់ម៉ែត, មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, មណ្ឌលព្យាបាល សែនសុខ, ភូមិតាងួន សង្កាត់កាកាប១, ផ្សារទំនើបឡាក់គី គល់ស្ពានជ្រោយចង្វារ, ផ្សារទួលសង្កែ, កំណាត់ផ្លូវលេខ១១៣ សង្កាត់បឹងព្រលឹត, ផ្សារតូច (ទួលសង្កែ), មន្ទីរសំរាកព្យាបាលនិងសម្ភពខេមា, ម្ដុំផ្សារឌុយមិច ផ្លូវលេខ១៣៤ ក្នុងសង្កាត់វាលវង់, សង្កាត់ត្រពាំងក្រសាំង, សង្កាត់ច្រាំងចំរេះ (ចូលសម្រាកនៅមន្ទីរពេទ្យរ៉ូយ៉ាល់រតនៈ)៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង