វៀតណាម៖ ប្រជាជននៅទីក្រុងហាណូយ ត្រូវក្រោកពីយប់ ដើម្បីដើរទិញម្ហូបអាហារ នៅតាមចិញ្ចើមផ្លូវក្នុងតំបន់ ដើម្បីជៀសវាងការផាកពិន័យរបស់អាជ្ញាធរ ដែលអនុវត្តយុទ្ធនាការរក្សាគម្លាតសង្គម។
ផ្សារតាមចិញ្ចើមផ្លូវមួយចំនួន ត្រូវបានប្រមូលផ្តុំដោយមនុស្សម្នា នៅយប់ទៀបភ្លឺ ទោះបីជាទីក្រុងនេះ បានហាមឃាត់មិនឱ្យមានផ្សារតាមចិញ្ចើមផ្លូវ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក៏ដោយ។
បន្ទាប់ពីរយៈពេលពីរសប្តាហ៍នៃការអនុវត្តសារាចរណែនាំ ដែលតម្រូវឱ្យប្រជាជននៅក្នុងផ្ទះ និងមិនត្រូវចេញទៅក្រៅបើមិនចាំបាច់ ទីក្រុងហាណូយបានបន្តអនុវត្តវិធានការរដ្ឋបាលបន្ថែម ២សប្ដាហ៍ទៀត រហូតដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។ ប្រជាពលរដ្ឋវៀតណាម អាចចេញក្រៅទិញអាហារ ឬថ្នាំពេទ្យ ទៅធ្វើការនៅរោងចក្រ ឬអាជីវកម្មដែលត្រូវបានអនុញ្ញាតដោយអាជ្ញាធរតែប៉ុណ្ណោះ។
អាជីវករផ្សារ ត្រូវប្រញាប់លក់មុនពេលថ្ងៃរះ ដើម្បីចៀសវាងអាជ្ញាធរចុះដកហូតទំនិញ ដោយសារពួកគាត់មិនមានបណ្ណអនុញ្ញាតឱ្យលក់ទំនិញ ឬឯកសារផ្សេងៗឡើយ។ ចំណែកអ្នកទិញក៏ដូចគ្នា ត្រូវប្រញាប់ទៅម្ហូបអាហារមុនពេលដែលអាជ្ញាធរចេញប្រតិបត្តិការផងដែរ៕