ភ្នំពេញ៖ ក្រសួងសុខាភិបាល កាលពីយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ បានឱ្យដឹងថា រាជធានីភ្នំពេញ បានរកឃើញករណីវីរុសបំប្លែងខ្លួនថ្មី B.1.617.2 (Delta) ចំនួន ៧ករណីបន្ថែមទៀត ដែលជាការចម្លងនៅក្នុងសហគមន៍។
បើយោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ករណីទាំង៧នេះ ត្រូវបានរកឃើញនៅទីតាំងចំនួន ៣ រួមមាន៖
នៅថ្ងៃទី១២ខែសីហា រកឃើញ៖
-បុគ្គលិកម្នាក់ មានវិជ្ជមានវីរុស Delta នៃក្រុមហ៊ុន ម៉ូន ម៉ូឌែន ស្ថិតនៅភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅក្នុងក្រុមហ៊ុនមានអ្នកវិជ្ជមានច្រើននាក់ (មិនទាន់ត្រូវបានបញ្ជាក់ថាជាមេរោគ Delta ទេ)។
-កុមារីម្នាក់ មានឪពុកម្ដាយវិជ្ជមានកូវីដ១៩ ដែលជាប្រជាជនរស់នៅភូមិតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
និងថ្ងៃទី១៣ ខែសីហា រកឃើញប្រជាពលរដ្ឋចំនួន ៥នាក់ មានវិជ្ជមានវីរុស Delta រស់នៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សូមកត់សម្គាល់ថា គិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ កម្ពុជា រកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ១៩ ប្រភេទ Delta លើពលករត្រឡប់ពីប្រទេសថៃ និងប្រទេសវៀតណាម អ្នកដំណើរមកតាមជើងហោះហើរ បុគ្គលិកសុខាភិបាល មន្ត្រីរាជការ និងអ្នកភូមិនៅក្នុងសហគមន៍ សរុបទាំងអស់ចំនួន ៤៩៤នាក់ (ស្ត្រី ២៤៣នាក់) និងប៉ះពាល់ដល់២២ រាជធានី ខេត្ត លើកលែងតែខេត្ត៣ប៉ុណ្ណោះ គឺខេត្តកែប ខេត្តតាកែវ និងខេត្តក្រចេះ នៅមិនទាន់រកឃើញករណី Delta នៅឡើយ៕