កូតឌីវ័រ៖ រដ្ឋមន្ត្រីសុខាភិបាលរបស់ប្រទេសកូតឌីវ័រ បាននិយាយថា ប្រទេសនេះ បានកត់ត្រាករណីទី១នៃជំងឺអេបូឡា ដែលជាករណីដំបូងនៅក្នុងប្រទេសកូតឌីវ័រ ក្នុងរយៈពេលជិត ៣ទសវត្សរ៍។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល បាននិយាយនៅលើកញ្ចក់ទូរទស្សន៍រដ្ឋ ថា មន្រ្តីនៅវិទ្យាស្ថានប៉ាស្ទ័រ បានបញ្ជាក់ករណីទី១នៃជំងឺអេបូឡានេះ បន្ទាប់ពីធ្វើតេស្តសំណាកពីយុវតីជនជាតិហ្គីណេ អាយុ ១៨ ឆ្នាំម្នាក់។
លោកបានបន្ថែមថា យុវតីដែលមានផ្ទុកវីរុសអេបូឡា បានចាកចេញពីទីក្រុងឡាប (Labe) ក្នុងប្រទេសហ្គីណេ ដោយទៅដល់ប្រទេសកូតឌីវ័រ កាលពីថ្ងៃពុធកន្លងទៅ។ លោកបានប្រកាសនៅល្ងាចថ្ងៃសៅរ៍ ទី១៤ ខែសីហានេះថា៖ “ នេះគឺជាករណីដាច់ដោយឡែក និងនាំចូល” ដោយបន្ថែមថា អ្នកជំងឺកំពុងត្រូវបានព្យាបាលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។
ប្រទេស កូតឌីវ័រ មានវ៉ាក់សាំងប្រឆាំងមេរោគអេបូឡារួចហើយ ដែលត្រូវបានផ្តល់ទៅឱ្យអ្នកដែលមានទំនាក់ទំនងជាមួយអ្នកជំងឺ ដូចជាបុគ្គលិកសុខាភិបាល ដែលកំពុងព្យាបាលយុវតីដែលមានផ្ទុកវីរុសអេបូឡា។
រដ្ឋមន្ត្រីសុខាភិបាល បានបន្ថែមថា នាយករដ្ឋមន្រ្តីកូតឌីវ័រ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងបន្ទាន់មួយកាលពីព្រឹកថ្ងៃសៅរ៍ ដោយអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់ ខណៈអាជ្ញាធរបានធ្វើផែនការបន្ទាន់មួយ ដែលរួមមានការកំណត់អត្តសញ្ញាណ និងការឃ្លាំមើលអ្នកដែលមានទំនាក់ទំនងជាមួយអ្នកជំងឺ។
យោងតាមអង្គការសុខភាពពិភពលោកនេះ គឺជាករណីដំបូងនៃជំងឺអេបូឡានៅកូតឌីវ័រចាប់តាំងពីឆ្នាំ ១៩៩៤៕
ប្រភព៖ Reuters