អាហ្វហ្គានីស្ថាន៖ វីដេអូ បានផ្ដិតយកទិដ្ឋភាពដ៏ច្របូកច្របល់នៅអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai ក្នុងទីក្រុងកាប៊ុល កាលពីថ្ងៃអាទិត្យ ខណៈមនុស្សរាប់ពាន់នាក់ បានព្យាយាមភៀសខ្លួនចេញពីរដ្ឋធានីអាហ្វហ្គានីស្ថាន បន្ទាប់ពីពួកតាលីបង់ បានវាយលុកដណ្ដើមអំណាចបានសម្រេច។
ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani បានភៀសខ្លួនចេញពីប្រទេស ដោយក្រុមតាលីបង់ បានដណ្តើមការគ្រប់គ្រងអាហ្វហ្គានីស្ថានវិញ ក្នុងរយៈពេល ២០ ឆ្នាំ បន្ទាប់ពីការបង្ក្រាបដោយកងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិក។
ខណៈសហរដ្ឋអាមេរិក បានដាក់បញ្ជូនឧទ្ធម្ភាគចក្រជាច្រើនគ្រឿងដើម្បីជម្លៀសអ្នកការទូត និងបុគ្គលិកចេញពីស្ថានទូតរបស់ខ្លួន នៅទីក្រុងកាប៊ុល ជនស៊ីវិលរាប់ពាន់នាក់បានសម្រុកទៅព្រលានយន្តហោះ ក្នុងការប៉ុនប៉ងចាកចេញពីប្រទេសនេះ។ ជនស៊ីវិលជាច្រើន បានភៀសខ្លួនពីទីក្រុងនិងទីប្រជុំជនផ្សេងៗ ទៅកាន់រដ្ឋធានី ដើម្បីគេចពីអំពើឃោរឃៅរបស់ក្រុមតាលីបង់ កាលពីសប្តាហ៍មុន។
ស្ថានទូតអាមេរិក បានព្រមានជនជាតិអាមេរិកឱ្យចៀសវាងព្រលានយន្តហោះកាប៊ុល បន្ទាប់ពីមានសេចក្តីរាយការណ៍ពីស្នូរកាំភ្លើង និងស្ថានការណ៍ដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សនេះ។
សាក្សីបានប្រាប់ថា ពួកគេបានឮសំឡេងកាំភ្លើង ខណៈមនុស្សរាប់ពាន់នាក់ បានប្រមូលផ្តុំនៅក្នុងកន្លែងឡើងយន្តហោះ ដើម្បីប៉ុនប៉ងចាកចេញពីប្រទេស។
វីដេអូដ៏ច្របូកច្របល់មួយទៀត បានបង្ហាញពីមនុស្សមួយក្រុមកំពុងចូលទៅក្នុងយន្តហោះដឹកទំនិញរបស់អាមេរិក ខណៈវាកំពុងត្រៀមនឹងហោះចេញ។
ចំណែកជនជាតិអាហ្វហ្គានីស្ថានខ្លះ បានប្រញាប់ប្រញាល់ទៅធនាគារដើម្បីដកប្រាក់របស់ពួកគេ មុនពេលក្រុមតាលីបង់បិទការដកប្រាក់៕
(ទស្សនាវីដេអូ)