ហៃទី៖ ចំនួនមនុស្សស្លាប់ ដោយសារគ្រោះរញ្ជួយដីកម្រិត ៧,២ រ៉ិចទ័រ នៅប្រទេសហៃទី បានកើនឡើងដល់ ១.២៩៧ នាក់ កាលពីថ្ងៃអាទិត្យ មួយថ្ងៃបន្ទាប់ពីរញ្ជួយដីដ៏ខ្លាំងក្លា បានបំផ្លាញសំណង់អគាររាប់ពាន់ខ្នង។
ការរញ្ជួយដីកាលពីថ្ងៃសៅរ៍ ក៏បានបណ្តាលឱ្យមនុស្សយ៉ាងតិច ៥.៧០០ នាក់រងរបួសនៅក្នុងប្រទេសហៃទីនេះ ដោយមនុស្សរាប់ពាន់នាក់ទៀត ត្រូវបានជម្លៀសពីលំនៅឋានដែលត្រូវបានបំផ្លាញ ឬខូចខាត។ អ្នកនៅរស់រានមានជីវិតនៅតំបន់ខ្លះ ត្រូវបានគេបង្ខំឱ្យរង់ចាំនៅខាងក្រៅ ដោយសារមន្ទីរពេទ្យមានផ្ទុកមនុស្សច្រើនហួសកំណត់។
ការខូចខាត អាចនឹងកាន់តែអាក្រក់ទៅៗ ជាមួយនឹងការមកដល់នៃព្យុះត្រូពិច ឈ្មោះ Grace ដែលត្រូវបានព្យាករថា នឹងទៅដល់ប្រទេសហៃទីនៅយប់ថ្ងៃចន្ទនេះ។
មជ្ឈមណ្ឌលតាមដានព្យុះនៅសហរដ្ឋអាមេរិក បានព្រមានថា ទោះបីជាព្យុះ Grace បានចុះខ្សោយកាលពីថ្ងៃអាទិត្យក៏ដោយ ក៏វានៅតែបង្កការគំរាមកំហែង ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងការបាក់ដី ផងដែរ៕