×

ក្មេងស្រី​អាហ្វហ្គានីស្ថាន​ម្នាក់​ស្រក់​ទឹកភ្នែក ពេល​ប្រទេស​ធ្លាក់​ក្នុង​កណ្ដាប់ដៃ​តាលីបង់ជាថ្មី

អាហ្វហ្គានីស្ថាន៖ ខណៈប្រទេសអាហ្វហ្គានីស្ថាន បានធ្លាក់ក្នុងការគ្រប់គ្រងរបស់ក្រុមតាលីបង់ វីដេអូមួយបង្ហាញពី “ក្មេងស្រីអាហ្វហ្គានីស្ថានដែលអស់សង្ឃឹម” យំសោក បានសាយភាយពេញបណ្តាញសង្គម។

ក្មេងស្រីមិនស្គាល់អត្តសញ្ញាណនោះ បាននិយាយទាំងទឹកភ្នែកនៅក្នុងវីដេអូឃ្លីបរយៈពេល ៤៥ វិនាទីថា៖ “ យើងមិនត្រូវបានគេរាប់បញ្ចូលទេ ព្រោះពួកយើងកើតនៅអាហ្វហ្គានីស្ថាន”។ ក្មេងស្រីនោះបន្តថា៖ “គ្មាននរណាខ្វល់ពីពួកយើងទេ”។ នាងបន្ថែមថា៖ “ពួកយើងនឹងស្លាប់បន្តិចម្តងៗ ក្នុងប្រវត្តិសាស្ត្រ”។

វីដេអូនេះ ត្រូវបានចែករំលែកដំបូងដោយសកម្មជនសិទ្ធិមនុស្ស Masih Alinejad ។ នាងបានសរសេរភ្ជាប់ជាមួយវីដេអូឃ្លីបថា៖ “បេះដូងខ្ញុំឈឺចាប់ ជំនួសឱ្យស្ត្រីអាហ្វហ្គានីស្ថាន” ។ “ពិភពលោកបានធ្វើឱ្យពួកគេបរាជ័យ”។

នៅក្រោមរបបតាលីបង់មុនៗ ស្ត្រីអាហ្វហ្គានីស្ថាន មិនត្រូវបានអនុញ្ញាតឱ្យធ្វើការសិក្សា ឬព្យាបាលដោយវេជ្ជបណ្ឌិតឡើយ លុះត្រាតែមានការរួមដំណើរពីបុរស។ អ្នកដែលរំលោភច្បាប់ ត្រូវប្រឈមនឹងការជាប់ពន្ធនាគារ ការវាយដំជាសាធារណៈ និងអាចឈានដល់ការប្រហារជីវិត។

សូមបញ្ជាក់ថា បន្ទាប់ពីការបណ្តេញពួកតាលីបង់ចេញពីអំណាចក្នុងឆ្នាំ២០០១ សហគមន៍អន្តរជាតិ បានបើកសាលារៀនសម្រាប់កុមារី និងអនុញ្ញាតឱ្យស្ត្រីអាចចូលធ្វើការវិញបាន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង