×

អ្នកឧកញ៉ា គិត ម៉េង ថ្លែងអំណរគុណ​ដល់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត យុវជន​សម្តេច​តេជោ​ជាថ្មីម្តងទៀត​តាមរយៈ​វីងម៉ល

អ្នកឧកញ៉ា គិត ម៉េង ប្រើប្រាស់សេវាកម្មដឹកជញ្ជូនវីងម៉លដើម្បីបរិច្ចាគអាហារបន្ថែមពី KFC ជូនដល់វីរជននៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។

កាលពីថ្ងៃចន្ទនេះ ក្រុមការងារវីងម៉ល បានយកអាហារជាលើកទីពីរពីហាង KFC ទូទាំងរាជធានីភ្នំពេញ ជូនដល់វេជ្ជបណ្ឌិត គិលានុបដ្ឋាយិការ និងអ្នកស្ម័គ្រចិត្ត នៅសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ដែលកំពុងធ្វើការដោយមិនខ្លាចនឿយហត់ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ១៩។

អាហារទាំងនោះ ត្រូវបានបញ្ជូនទៅការិយាល័យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោក្នុងខណ្ឌទួលគោក មុនពេលត្រូវបានចែកចាយដល់វីរជនជួរមុខនៅក្នុងទីក្រុងភ្នំពេញ សម្រាប់អាហារសម្រន់ពេលរសៀលរបស់ពួកគេ។

សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ត្រូវបានដំណើរការជាផ្លូវការនៅឆ្នាំ២០១២ ដោយធ្វើការងារសប្បុរសធម៌នៅទូទាំងប្រទេសកម្ពុជា តាមរយៈការពិនិត្យសុខភាពដោយឥតគិតថ្លៃ នៅតាមបណ្តាខេត្តមួយចំនួន ជាពិសេសជួយដល់កម្មកររោងចក្រ និងកុមារកំព្រាជាដើម។

ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល និងលោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស័្មគ្រចិត្តយុវជនសម្តេចតេជោ បានចូលរួមក្នុងកិច្ចការជួរមុខដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

អ្នកឧកញ៉ា គិត ម៉េង ជាប្រធាននិងនាយកប្រតិបត្តិ នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានមានប្រសាសន៍ថា៖ “ខ្ញុំពិតជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការខិតខំរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ដែលបានជួយសហគមន៍របស់យើងតាំងពីដើមរៀងមក។ អ្នកទាំងអស់គ្នា ពិតជាវីរជន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។”

នេះគឺជាការផ្តល់ជូនអាហារលើកទី២ ពីអ្នកឧកញ៉ា គិត ម៉េង ដល់ក្រុមការងារនៅសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ដែលជាកាយវិការដើម្បីបង្ហាញពីការដឹងគុណដោយស្មោះចំពោះភាពក្លាហាន និងការខិតខំប្រឹងប្រែងដោយមិនគិតពីខ្លួនឯងដើម្បីការពារសហគមន៍។ ការផ្តល់អាហារលើកដំបូង ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១ ខែសីហា នេះ។

អ្នកឧកញ៉ា គិត ម៉េង បានបន្ថែមថា៖ “ខណៈពេលដែលអ្នកទាំងអស់គ្នា កំពុងបន្តការពារសហគមន៍យើង ខ្ញុំក៏សង្ឃឹមថា អ្នកទាំងអស់គ្នា នឹងថែរក្សាសុខភាពខ្លួនឯងឱ្យបានល្អផងដែរ។ សុខភាពរបស់អ្នកទាំងអស់គ្នា ក៏សំខាន់ចំពោះសហគមន៍ និងគ្រួសាររបស់អ្នកទាំងអស់គ្នាផងដែរ។ ខ្ញុំប្រាកដថាពួកគាត់កំពុងតែមានមោទកភាពចំពោះអ្នកទាំងអស់គ្នា”។

អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន បានគាំទ្រយ៉ាងសកម្មដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ គ្រប់ពេលវេលា ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប នឹងនៅតែបន្តរួមសហការគ្នាដើម្បីគាំទ្រសហគមន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង