×

ចង់ផ្សព្វផ្សាយ​ផលិតផល​ថែសម្រស់​របស់​ខ្លួនពេក ហ្វាន ពីងពីង បែរត្រូវ​មហាជន​ចាប់កំហុស​ចំពោះ​ទង្វើឆ្គាំឆ្គង​ទាំងនេះ

ចិន៖ អំឡុងពេលកំពុងដោះស្រាយរឿងអាស្រូវគេចពន្ធ ហ្វាន ពីងពីង បានលក់ឥវ៉ាន់អនឡាញដើម្បីចិញ្ចឹមជីវភាព និងបានបង្កើតម៉ាកយីហោផលិតផលថែរក្សាសម្ជស្សដោយខ្លួនឯងកាលពីឆ្នាំ ២០១៩ កន្លងទៅ។

រហូតមកទល់ពេលនេះ នាងមានសេរីភាពឡើងវិញ និងកំពុងចាប់ផ្តើមជីវិតសិល្បៈសាជាថ្មី ព្រមទាំងផ្តោតសំខាន់លើផលិតផលរបស់ខ្លួនដោយកាលពីពេលថ្មីៗនេះ នាងបានបង្ហាញរូបភាពមួយចំនួនដែលនាងកំពុងស្ថិតក្នុងបន្ទប់ពិសោធន៍ដើម្បីអភិវឌ្ឍន៍ផលិតផលឱ្យល្អជាងនេះ ក្រោយមានអតិថិជន Review ផលិតផលរបស់នាងថា គុណភាពអន់ខ្លាំង។

ដើម្បីឱ្យអតិថិជនមានការចាប់អារម្មណ៍ និងទុកចិត្តលើផលិតផលរបស់ខ្លួន ហ្វាន ពីងពីង បានបង្ហាញរូបភាពនៃសកម្មភាពកំពុងពិសោធន៍ផលិតផលរបស់ខ្លួន ប៉ុន្តែបែរត្រូវមនុស្សជាច្រើនក្នុងនោះក៏មានអ្នកស្រាវជ្រាវផងដែរចូលមករិះគន់ចំៗលើកាយវិការ និងឯកសណ្ឋានមិនត្រឹមត្រូវរបស់នាងទៅវិញដោយពួកគេលើកឡើងថា៖

“គ្មានអ្នកស្រាវជ្រាវណាធ្វើការស្រាវជ្រាវជាមួយនឹងការផាត់មុខបែបនេះ ថែមទាំងមិនពាក់ស្រោមដៃ និងមួកការពារមិនឱ្យសក់ជ្រុះនោះទេ មិនត្រឹមតែប៉ុណ្ណោះទាំងការកាន់ឧបករណ៍ស្រាវជ្រាវក៏ខុសបច្ចេកទេសទៀត “។

ចំណែកឯបុគ្គលម្នាក់ទៀតឯកទេសជាអ្នកស្រាវជ្រាវបាននិយាយថា “ក្នុងនាមខ្ញុំជាអ្នកស្រាវជ្រាវម្នាក់ ខ្ញុំពិតជាមានអារម្មណ៍ថាមិនទទួលបានការគោរពឡើយ មួយថ្ងៃៗពួកយើងចំណាយពេលរវល់មិនឈប់ឈរក្នុងការស្រាវជ្រាវ ប្រសិនជារវល់តែខ្វល់ខ្វាយនឹងរូបសម្រស់បែបនេះ កុំចូលបន្ទប់ពិសោធន៍អីល្អជាង”។ គួរបញ្ជាក់ដែរថា ក្រោយទទួលពាក្យរិះគន់ពីមហាជនឡើងស្ពឹកមុខហើយ ហ្វាន ពីងពីង បានលុបរូបទាំងនោះចោលលើគណនី Weibo របស់នាងចោលភ្លាម៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង