ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា កំពុងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។
ស្ថានភាពបែបនេះនឹងធ្វើឱ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល នឹងអាចមានសីតុណ្ហភាពអប្បបរមា ពី ២៥-២៧ °C និងសីតុណ្ហភាពអតិបរមា ពី ៣៣-៣៥ °C។ ចាប់ពីថ្ងៃទី១៨-២០ ខែសីហា ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ និង ខេត្តសៀមរាប នឹងអាចមានភ្លៀងកម្រិតខ្សោយ។ ចំណែកបណ្តាខេត្តដទៃទៀត នឹងអាចមានភ្លៀង ក្នុងកម្រិតពីខ្សោយទៅមធ្យម ។
នៅថ្ងៃទី២១-២៤ ខែសីហា បណ្ដាខេត្តភាគច្រើននឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម។ ព្រមជាមួយនោះក៏អាចមានបណ្តាខេត្តខ្លះទៀត នឹងអាចមានភ្លៀងក្នុងកម្រិតពីបង្គួរទៅច្រើន។
បណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងអាចសីតុណ្ហភាពអប្បបរមា ពី ២៣-២៥ °C
និងសីតុណ្ហភាពអតិបរមា ពី ៣១-៣៣ °C ព្រមទាំងអាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ។
សម្រាប់តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា ពី ២៣-២៥ ºC និងសីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C ព្រមទាំងអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ៕