វៀតណាម៖ ខណៈអ្នកស្រុក បានចេញទៅទិញអាហារ កាលពីថ្ងៃអាទិត្យ គេសង្កេតឃើញថា នៅថ្ងៃចន្ទម្សិលមិញនេះ ទីក្រុងដាណាំង បានក្លាយជាទីក្រុងខ្មោចដែលស្ទើរតែគ្មានមនុស្សម្នាចេញមកខាងក្រៅឡើយ។
ទីក្រុងដាណាំង បានចាប់ផ្តើមអនុវត្តការរក្សាគម្លាតសង្គមរយៈពេល ៧ថ្ងៃ ដោយចាប់ផ្តើមពីម៉ោង ៨ ព្រឹកថ្ងៃចន្ទ ទី១៦ ខែសីហា។ ស្ទើរតែគ្រប់សកម្មភាពទាំងអស់ ត្រូវបានផ្អាកដើម្បីទប់ស្កាត់ការចម្លងនៃវីរុសកូវីដ១៩ ពិសេសវីរុសប្រភេទបំប្លែងថ្មី Delta ។
ប៉ូលីស បានល្បាតតាមដងផ្លូវនានា ដើម្បីអនុវត្តច្បាប់ចំពោះអ្នកដែលបំពានវិធានការសុខាភិបាល។ អ្នកដែលមិនគោរពវិធានការពាក់ម៉ាស ត្រូវបាននាំទៅកាន់ប៉ុស្តិ៍ប៉ូលីស ដើម្បីប្រឈមមុខចំពោះច្បាប់។
ទីក្រុងដាណាំង បានបង្កើតមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមមន្ទីរពេទ្យជាច្រើន ដោយអាជ្ញាធរ បានរៀបចំគ្រែ ប្រហែល ៥.០០០ គ្រែ សម្រាប់អ្នកជំងឺកូវីដ១៩។
ទីក្រុងដាណាំងដែលជាគោលដៅទេសចរណ៍ដ៏សំខាន់របស់ប្រទេសវៀតណាម និងមានប្រជាជនជាង ១,១ លាននាក់ បានអនុវត្តវិធានការរក្សាគម្លាតសង្គមចាប់តាំងពីថ្ងៃទី៣១ ខែកក្កដា។ ថ្មីនេះ ទីក្រុងដាណាំង បានរឹតបន្តឹងបន្ថែមទៀត ដោយហាមឃាត់ប្រជាជនមិនឱ្យចាកចេញពីផ្ទះរបស់ពួកគេទាំងស្រុងក្នុងរយៈពេល ៧ថ្ងៃ។ ទោះយ៉ាងណា គេសង្កេតឃើញមនុស្សជាច្រើនបានចេញទៅទិញអាហារ។
បច្ចុប្បន្នទីក្រុងដាណាំង បានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍ ចំនួន ២.១២៥ ករណី ចាប់តាំងពីរលកទី៤ បានវាយប្រហារប្រទេសវៀតណាម កាលពីចុងខែមេសា៕