វៀតណាម៖ តុលាការនៅភាគកណ្តាលប្រទេសវៀតណាម បានកាត់ទោសប្រហារជីវិតបុរសជនជាតិឡាវចំនួន ៣នាក់ ពីបទដឹកជញ្ជូនហេរ៉ូអ៊ីន និងថ្នាំញៀនដទៃទៀត។
បុរសទាំង ៣ នាក់នេះ មានអាយុ ២៥ឆ្នាំ ២៧ឆ្នាំ និង ៣១ឆ្នាំ ត្រូវបានផ្តន្ទាទោសពីបទដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់។ យោងតាមសាលក្រម ឱ្យដឹងថា កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ ឆ្មាំការពារព្រំដែន នៅខេត្តហាទីញ សហការជាមួយកម្លាំងជំនាញផ្សេងទៀត ចាប់បានម្នាក់ក្នុងចំណោមពួកគេ ដែលកំពុងបើកបររថយន្តដែលផ្ទុកមេតំហ្វេតាមីន ៤៥គីឡូក្រាម ថ្នាំញៀន ៦គីឡូក្រាម និងថ្នាំញៀនហេរ៉ូអ៊ីនចំនួន ៣០កញ្ចប់ដែលមានទម្ងន់ប្រហែល ៣៥០ក្រាម។ មិនដល់មួយម៉ោងក្រោយមក អាជ្ញាធរបានចាប់បុរសពីរនាក់ផ្សេងទៀត ដែលធ្វើដំណើរជាមួយគ្នាក្នុងរថយន្តមួយផ្សេងទៀត។
បុរសទាំង៣ បាននិយាយថា ជនជាតិឡាវម្នាក់ទៀត បានជួលពួកគេឱ្យចែកចាយគ្រឿងញៀននេះ ទៅឱ្យដៃគូអាជីវកម្មនៅខេត្តហាទីញ ដោយពួកគេម្នាក់ៗទទួលបាន ២.០០០ដុល្លារ។
ប្រទេសវៀតណាម មានច្បាប់គ្រឿងញៀនតឹងរ៉ឹងបំផុតនៅលើពិភពលោក។ អ្នកដែលត្រូវបានផ្តន្ទាទោសពីបទកាន់កាប់ ឬរត់ពន្ធហេរ៉ូអ៊ីនលើសពី ៦០០ក្រាម ឬមេតំហ្វេតាមីនលើសពី ២,៥គីឡូក្រាម ត្រូវប្រឈមនឹងការប្រហារជីវិត៕