វៀតណាម៖ យោងតាមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម បានឱ្យដឹងនៅថ្ងៃទី១៧ ខែសីហានេះ ថា មជ្ឈមណ្ឌលជាតិព្យាករណ៍ឧតុនិយមវៀតណាម បានជូនដំណឹងថា ចាប់ពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះតទៅ សន្ទស្សន៍វិទ្យុសកម្មកាំរស្មី UV នឹងកើនឡើងដល់កម្រិត ៩-១០ នៅទូទាំងប្រទេស ដែលបង្កហានិភ័យ និងប៉ះពាល់ដល់សុខភាព។
សន្ទស្សន៍វិទ្យុសកម្មកាំរស្មី UV នេះ នឹងកើនឡើងខ្ពស់នៅចន្លោះម៉ោង ១០ព្រឹកដល់ ២រសៀល នៅទូទាំងប្រទេសវៀតណាម។
ស្ថានទូតកម្ពុជា បានស្នើដល់ពលរដ្ឋខ្មែរ កំពុងរស់នៅ និងធ្វើការងារ ឬមានវត្តមាននៅប្រទេសវៀតណាម សូមថែរក្សាសុខភាពឱ្យបានល្អ។ ទន្ទឹមនេះ ដើម្បីរួមចំណែកដល់ការទប់ស្កាត់ជំងឺកូវីដ១៩ ស្ថានទូតស្នើឱ្យប្រជាពលរដ្ឋខ្មែរ អនុវត្តវិធានការការពារសុវត្ថិភាព ការពាក់ម៉ាស ការរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ១៩ដ៏កាចសាហាវ៕