×

ហ្វីលីពីន លុបចោល​ផែនការ​យកពន្ធ​នាំចូល​រថយន្តថៃ

ថៃ៖ ចក្ខុវិស័យវិស័យក្រុមហ៊ុននាំចេញរថយន្តរបស់ថៃនឹងកាន់តែមានភាពត្រចះត្រចង់បន្ទាប់ពីប្រទេសហ្វីលីពីនបានលុបចោលផែនការដាក់ពន្ធលើរថយន្តនាំចូលពីប្រទេសថៃ ហើយបានប្រគល់មកវិញនូវកាតព្វកិច្ចការពារ ១,២ពាន់លានបាតដល់ក្រុមហ៊ុននាំចូល។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃលោក Jurin Laksanawisit ដែលត្រូវបានស្រង់សម្តីដោយកា សែតបាងកកប៉ុស្តិ៍បានឲ្យដឹងថា ប្រទេសហ្វីលីពីន បានយល់ព្រមកាលពីថ្ងៃទី ៦ខែសីហានេះ ដើម្បីលុបចោលផែនការពន្ធគយ និងសងកាតព្វកិច្ចពន្ធនាំចូលមកវិញ បន្ទាប់ពីរូបលោក និងមន្ត្រីផ្សេងទៀត បានប្រឹងប្រែងដោះស្រាយបញ្ហាជម្លោះពាណិជ្ជកម្មនេះ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃបាននិយាយទៀតថា ការសម្រេចចិត្តរបស់ហ្វីលីពីននឹងជួយប្រទេសថៃរក្សាចំណែកទីផ្សារក្នុងប្រភេទរថយន្តពីរប្រភេទនេះនៅក្នុងទីផ្សារហ្វីលីពីនដែលមានតម្លៃ ៦០-៧០ពាន់លានបាតក្នុងមួយឆ្នាំ។

ប្រទេសហ្វីលីពីន បានបង្កើតគណៈកម្មាធិការមួយដើម្បីសិក្សា និងដាក់ចេញវិធានការការពារលើការនាំចេញរថយន្តដឹកអ្នកដំណើរ និងរថយន្តភីកអាប់របស់ថៃនៅខែធ្នូឆ្នាំ ២០២០ ដែលនាំឱ្យមានការយកពន្ធនាំចូលលើរថយន្តដឹកអ្នកដំណើរ និងរថយន្តភីកអាប់របស់ថៃចាប់ពីថ្ងៃទី ១ ខែកុម្ភៈឆ្នាំនេះ។

កាតព្វកិច្ចនេះត្រូវបានគិតថ្លៃលើអ្នកនាំចូលហ្វីលីពីនក្នុងតម្លៃ ៤២.០០០បាត ក្នុងរថយន្តដឹកអ្នកដំណើរមួយគ្រឿង និង ៦៦.០០០បាត ក្នុងរថយន្តភីកអាប់មួយគ្រឿង។ ការណ៍នេះបានធ្វើឱ្យមានការចំណាយខ្ពស់សម្រាប់អ្នកនាំចូលហ្វីលីពីនដោយគិតជាទឹកប្រាក់សរុបចំនួន ១,២ពាន់លានបាត លើរថយន្តនាំចូលពីរប្រភេទនេះ។ នេះបើយោងតាមលោក Jurin។

វិធានការការពារនេះត្រូវបានគេមើលឃើញថា ជាវិធានការសងសឹកក្នុងជម្លោះពន្ធបារីដែលមានរយៈពេលយូរមកហើយរវាងប្រទេសទាំងពីរ។ ប្រទេសថៃក៏បានគំរាមកំហែងថា នឹងនាំយកជម្លោះនេះទៅអង្គការពាណិជ្ជកម្មពិភពលោកដើម្បីដោះស្រាយផងដែរ។

ទោះយ៉ាងណាផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ១៩ មានតែរថយន្តចំនួន ២៤៤.២៧៤គ្រឿងប៉ុណ្ណោះ ត្រូវបានលក់នៅក្នុងប្រទេសហ្វីលីពីនក្នុងឆ្នាំ ២០២០ ដែលជាការធ្លាក់ចុះយ៉ាងខ្លាំង បើប្រៀបធៀបទៅនឹងចំនួន ៤៥៧.១១០គ្រឿងដែលបានលក់នៅក្នុងប្រទេសនេះ កាលពីឆ្នាំ ២០១៩នេះ។ នេះបើយោងតាមទិន្នន័យរបស់សមាគមអ្នកនាំចូល និងចែកចាយយានយន្តហ្វីលីពីន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង