តៃវ៉ាន់៖ គិតចាប់ពីដើមខែមិថុនាមក បញ្ហាលែងលះរបស់ Barbie Hsu មានរយៈពេល ២ខែមកហើយ ដោយចាប់តាំងពីថ្ងៃដែលនាងប្រកាសដំណឹងលែងលះមក នាងបានសម្ងំខ្លួននៅក្នុងផ្ទះមិនដែលបង្ហាញមុខចេញក្រៅសូម្បីតែមួយជំហាន។
យោងតាមសារព័ត៌មាន Sina បានឱ្យដឹងថា Barbies មិនត្រឹមតែសម្ងំនៅតែក្នុងផ្ទះប៉ុណ្ណោះទេ ថែមទាំងលែងយកចិត្តទុកដាក់ជាមួយកូនទាំង ២ របស់នាងទៀតផងដោយទុកឱ្យម្តាយ និងម៉ែដោះជាអ្នកមើលថែ។
ម្តាយរបស់តារាស្រីរូបនេះបានឱ្យដឹងថា សុខភាព និងផ្លូវចិត្តរបស់ Barbies បានប្រែប្រួលមិនទៀងទាត់ និងឆាប់ផ្តាសាយ អស់កម្លាំងខុសធម្មតា។ រីឯបងស្រីនាងបានឱ្យដឹងបន្ថែមថា Barbies បានបដិសេដការងារសិល្បៈចោលទាំងអស់ ដោយផ្តោតលើពេលវេលាសម្រាកតែម៉្យាងគត់។
ស្វាមីរបស់ Barbies បានបញ្ជាក់ថា លោកមិនបានដឹងដំណឹងដែលភរិយាខ្លួនរត់ឯកសារដើម្បីលែងលះឡើយរហូតដល់ថ្ងៃប្រកាសជាសារធារណ។ យោងតាមសារព័ត៌មាន Sina ដដែលបានឱ្យដឹងថា មូលហេតុដែលធ្វើឱ្យ Barbies ដាក់ពាក្យលែងលះបែបនេះដោយសារនាងមានអារម្មណ៍ហត់នឿយដែលត្រូវដើរសូមទោសគេឯង និងដោះស្រាយបញ្ហាដែលស្វាមីខ្លួនបានប្រព្រឹត្តរាល់ពេលលោកស្រវឹង។
គួរបញ្ជាក់ដែរថា រយៈពេលជិត ២ខែមកនេះ Barbies Hsu មិនបានបង្ហាញវត្តមានចេញក្រៅសូម្បីមួយជំហាន ប៉ុន្តែកាលពីពេលថ្មីៗនេះអ្នកសារព័ត៌មានបានឃើញនាងបង្ហាញខ្លួននៅទីសាធារណៈដោយនាងស្រកគីឡូអស់ជាច្រើន ប៉ុន្តែមានអារម្មណ៍ស្រស់ស្រាយធម្មតា៕