×

មហាជន ចែករំលែក​រូបថត​បាតុភូត​ចម្លែក បន្ទាប់ពី​ក្រសួង​ប្រកាសពី​ការកើនឡើង​នៃ​វិទ្យុ​សកម្ម​កាំរស្មី UV

ប៉ោយប៉ែត៖ បន្ទាប់ពីមានការជូនដំណឹងពីការកើនឡើងនៃសន្ទស្សន៍វិទ្យុសកម្មកាំរស្មី UV ប្រជាពលរដ្ឋ បាននាំគ្នាចែករំលែកនូវរូបថត ដែលផ្ដិតនូវទិដ្ឋភាពនៅក្រុងប៉ោយប៉ែត ស្របពេលដែលផ្ទៃមេឃមានពណ៌លឿងទុំ។

គណនីហ្វេសប៊ុកដែលបានបង្ហោះរូបភាពខាងលើ បានឱ្យដឹងថា គាត់បានថតបាននៅម៉ោងប្រហែល ៦ល្ងាច ថ្ងៃទី១៨ ខែសីហា ម្សិលមិញនេះ។ យ៉ាងណាមិញ គេមិនអាចអះអាងបានទេថា បាតុភូតនេះ មានទាក់ទងនឹងការកើនឡើងនៃសន្ទស្សន៍វិទ្យុសកម្មកាំរស្មី UV នោះទេ។

យោងតាមក្រសួងធនធានទឹក និងឧតុនិយម នាយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងស្តីពីកាំរស្មី UV ដោយយោងតាមការស្រាវជ្រាវរបស់អង្គការឧតុនិយមពិភពលោក WMO បានបង្ហាញថា នៅតំបន់ឥណ្ឌូចិន ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២១នេះ នឹងទទួលរងនូវ ឥទ្ធិពលកាំរស្មីព្រះអាទិត្យ UV ដែលមានសន្ទស្សន៍កើនឡើងដល់កម្រិត ១០ ដែលជាកម្រិតឱ្យមានការប្រុងប្រយ័ត្ន នៅចន្លោះពីម៉ោង ១០ព្រឹក ដល់ម៉ោង ០២រសៀល។

ការកើនឡើងសន្ទស្សន៍កាំរស្មីព្រះអាទិត្យ UV នេះនឹងបង្កឱ្យមានហានិភ័យ និងប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ។ យោងលើស្ថានភាពនេះ ក្រសួងបានអំពាវនាវឱ្យសាធារណជន បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតខាងលើនេះ។

ក្រសួងបរិស្ថាន នៅថ្ងៃដដែល ក៏បានចេញតារាង សន្ទស្សន៍កាំរស្មី UV ពីព្រះអាទិត្យ ដែលមាន ឬមិនមានគ្រោះថ្នាក់ សម្រាប់មនុស្សទូទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង