ចិន៖ រំឭកទៅកាលពី ១៧ឆ្នាំមុន គ្រប់គ្នាបានមានចម្ងល់ថា ហេតុអ្វីនៅសុខៗស្ត្រីម្នាក់ដែលកំពុងពេញសម្រស់បែរព្រមទទួលបុរសចំណាស់ម្នាក់ដែលអ្នកភូមិសុទ្ធតែដឹងថាលោកគឺជាមនុស្សម្នាក់ដែលខ្ជិលជាងគេប្រចាំភូមិដែលនេះជាហេតុបណ្តាលឱ្យបុរសរូបនេះក្រខ្លាំងបំផុត។
ជិត ២០ឆ្នាំកន្លងទៅ ចម្ងល់មួយនេះបានបើកបង្ហាញឡើងដោយការពិតជាក់ស្តែង ស្ត្រីស្រស់ស្អាតមានឈ្មោះ He Chenghui រូបនេះត្រូវបានឈ្មួញជួញដូរមនុស្សចាប់ជំរិត និងបានលក់ឱ្យបុរសចំណាស់ Ni Tianguo នៅខេត្តស៊ីឈ័ន ប្រទេសចិន។ Chenghui ត្រូវរស់នៅក្នុងផ្ទះមួយដែលពោរពេញដោយសំរាម និងកន្លែងគេងក្បែរទ្រុងចិញ្ចឹមជ្រូក មាន់ ទា ដែលមានក្លិនស្អុយបំផុត ទោះបីជានាងខំអង្វរយ៉ាងណា ក៏ Tianguo មិនព្រមដោះលែងនាងវិញដែរ។
Tianguo បានឃុំខ្លួន និងចាប់រំលោភនាងរហូតមានផ្ទៃពោះ ធ្វើឱ្យសតិស្មារតីរបស់នាងលែងប្រក្រតី។ មុនពេលត្រូវបានចាប់ខ្លួន Chenghui គឺជាសិស្សថ្នាក់មហាវិទ្យាល័យ Sichuan Mianyang ជំនាញវិទ្យាសាស្ត្រ ដោយនាងធ្លាប់មានក្តីស្រមៃថា ក្រោយបញ្ចប់ការសិក្សានាងនឹងរកការងារល្អមួយធ្វើដើម្បីចិញ្ចឹមឪពុកម្តាយនាងដែលមានវ័យចាស់ៗទៅហើយ។
ដោយសារ Chenghui ជាកូនស្រីច្បងក្នុងផ្ទះ ដូចនេះនាងខិតខំគ្រប់បែបយ៉ាង ក្រោយសម្រាកពីការសិក្សា នាងឆ្លៀតពេលរកការងាធ្វើដើម្បីបានប្រាក់កម្រៃខ្លះផ្គត់ផ្គង់ជីវភាព និងឆ្លៀតពេលរ៉ាប់រងការងារផ្ទះផងដែរ។ ទោះជាយ៉ាងណា អ្វីៗត្រូវបានរលាយអស់គ្មានសល់ក្រោយត្រូវឈ្មួញចាប់ជំរិតនាងយកទៅលក់បែបនេះ។
គួរបញ្ជាក់ដែរថា រយៈពេល១៧ឆ្នាំក្រោយមក ក្រោយគ្រួសាររបស់ Chenghui ទទួលបានដំណឹងរបស់នាងភ្លាមពួកគេបានទៅចរចាជាមួយនឹង Tianguo ដើម្បីយកកូនស្រីត្រលប់ទៅផ្ទះវិញភ្លាម។ Tianguo មិនបានដឹងឡើយថា ទង្វើរបស់លោកទាំងប៉ុន្មាននេះជាបទឧក្រិដ្ឋឡើយ ដោយលោកគិតថា លោកបានទិញនាងមកដូចនេះលោកអាចធ្វើអ្វីគ្រប់យ៉ាងបានតាមចិត្ត។
ដោយសារមិនចង់មានរឿងវែងឆ្ងាយច្រើន ឪពុករបស់ Chenghui បានប្រគល់ប្រាក់មួយចំនួនបញ្ចប់រឿងដើម្បីយកកូនស្រីត្រលប់ទៅផ្ទះវិញជួបជុំគ្រួសារ ដោយពេលនេះសតិស្មារតីរបស់នាងបានប្រសើរឡើងបន្តិចហើយ៕