×

សត្វគោជិត ១០០ក្បាល កើតជំងឺ​ដុំពក ក្នុង​ចំណោម​ជាង ៤០០ ក្បាល នៅ​ខេត្តរតនគិរី

រតនគិរី៖ លោក មោង ម៉ាន់ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តរតនគិរី បានបញ្ជាក់ថា សត្វគោជិត ១០០ក្បាល ដែលកំពុងតែមានជំងឺដុំពកនៅលើស្បែកក្នុងឆ្នាំ ២០២១ នេះ។

ការបញ្ជាក់បែបនេះរបស់លោកប្រធានការិយាល័យក្នុងឱកាសដែលលោកដឹកនាំកម្លាំងជំនាញបច្ចេកទេសចុះពិនិត្យកសិដ្ឋានចិញ្ចឹមគោរបស់ប្រជាពលរដ្ឋទូទាំងខេត្តដែលកំពុងតែមានជំងឺដុំពកលើសត្វគោ។

លោកថាចំពោះជំងឺដុំពកទៅលើសត្វគោ ពុំមែនតែទើបនឹងកើតមាននៅក្នុងបច្ចុប្បន្ននេះទេ ជំងឺនេះបានកើតទៅលើសត្វគោក្របីនៅលើប្រទេសជាច្រើនក្នុងអំឡុងឆ្នាំ១៩២៩។ហើយថ្មីៗនេះជំងឺដុំពកកំពុងតែរីករាលដាលលើប្រទេសជិតខាងនឹងប្រទេសកម្ពុជាផងដែរ។ ដោយឡែកសម្រាប់ខេត្តរតនគិរីនៅក្នុងឆ្នាំ ២០២១នេះ ជំងឺដុំពកទៅលើសត្វគោក្របីមានប្រមាណ ៩៩ ក្បាលហើយបច្ចុប្បន្នក៏បានព្យាបាលជាសះស្បើយ៥៩ក្បាលនិងងាប់ចំនួន១ក្បាលផងដែរ នៅក្នុងចំណោមគោក្របីដែលសង្ស័យថាកើតជំងឺដុំពកជាង ៤០០ ក្បាល។

ប្រធានការិយាល័យរូបនេះ បានឱ្យដឹងទៀតថា ចំពោះជំងឺដុំពកសត្វគោក្របីនេះ មិនមានការរីករាលដាលឆ្លងទៅដល់មនុស្សនោះទេ ហើយក៏មិនទាន់មានការសិក្សាថាជំងឺនេះអាចឆ្លងទៅសត្វផ្សេងៗដូចជាសត្វជ្រូក ឬក៏មាន់ទានោះដែរ។

ទន្ទឹមនឹងការផ្ទុះរីករាលដាលនៃជំងឺដុំពកលើសត្វគោនៅក្នុងខេត្តរតនគិរី, លោកប្រធានការិយាល័យរូបនេះបានសហការ ជាមួយក្រសួងកសិកម្មចុះផ្សព្វផ្សាយណែនាំទៅដល់ម្ចាស់កសិដ្ឋាននិងប្រជាពលរដ្ឋដែលចិញ្ចឹមគោក្របីនិងរកវិធីសាស្ត្រដើម្បីចាក់វ៉ាក់សាំងទៅលើសត្វគោក្របីរួចរាល់ហើយ។ ប៉ុន្តែបច្ចុប្បន្នជំនាញនៅតែបន្តចុះពិនិត្យតាមកសិដ្ឋាន និងតាមសហគមន៍ប្រជាពលរដ្ឋដែលចិញ្ចឹមគោក្របីដើម្បីណែនាំអំពីវិធីសាស្ត្របន្ថែមចំពោះជំងឺដុំពកនេះ។

សូមជម្រាបថា ខេត្តរតនគីរីមានស្រុកចំនួន ៤និងមានកសិដ្ឋានចំនួន ៤ដែលចិញ្ចឹមគោលើសពី ១០០ ក្បាលរហូតដល់ ៦០០ក្បាលក្នុងកសិដ្ឋានមួយ ក្នុងនោះក្រៅពីការចិញ្ចឹមគោក្របីលក្ខណៈទ្រង់ទ្រាយធំក៏មានប្រជាពលរដ្ឋចិញ្ចឹមតាមផ្ទះតាមភូមិគ្រួសារចាប់ពី ១០ ក្បាលរហូតដល់ក្រោម ១០០ ក្បាលជាច្រើនផងដែរដែលមិនរាប់ចូលនៅក្នុងកសិដ្ឋានចិញ្ចឹមសត្វ៕

អត្ថបទ៖ ប៉េស សារី

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង